ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអាទិត្យ (៥ តុលា) នេះថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបានបង្កឱ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុក ដែលបិទផ្លូវ បំផ្លាញស្ពាន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់ ចាប់តាំងពីថ្ងៃសុក្រមក នៅប្រទេសនេប៉ាល់ និងការស្លាប់មួយចំនួនទៀតត្រូវបានរាយការណ៍នៅប្រទេសជិតខាងឥណ្ឌា។
លោក Kalidas Dhauboji អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធនេប៉ាល់ បាននិយាយថា ការស្លាប់ស្លាប់ភាគច្រើនគឺដោយសារបំណាក់ដីដាច់ដោយឡែក នៅក្នុងស្រុក Ilam នៅភាគខាងកើតជាប់ព្រំដែនប្រទេសឥណ្ឌា ហើយមនុស្សជាច្រើននាក់ បានបាត់ខ្លួន បន្ទាប់ពីត្រូវបានទឹកជំនន់ហូរនាំទៅ។ អាជ្ញាធរបាននិយាយថា ផ្លូវហាយវេជាច្រើនខ្សែត្រូវបានបិទដោយសារបំណាក់ដី និងត្រូវជន់លិចដោយទឹកជំនន់ ធ្វើឱ្យអ្នកដំណើររាប់រយនាក់ជាប់គាំង។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា បានឱ្យដឹងថា នៅទូទាំងព្រំដែនតំបន់ភ្នំ Darjeeling ភាគខាងកើតឥណ្ឌា ក្នុងរដ្ឋ West Bengal មានមនុស្សយ៉ាងតិច ៧នាក់ បានស្លាប់ ដោយសារបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។
មន្ត្រីអាកាសធាតុព្រមានថា ភ្លៀងទំនងជានឹងបន្តវាយប្រហារប្រទេសតំបន់ភ្នំហិម៉ាឡៃនេះរហូតដល់ថ្ងៃចន្ទស្អែក ហើយអាជ្ញាធរនិយាយថាពួកគេកំពុង "យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាអតិបរមា" ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
គួរឱ្យដឹងថា មនុស្សរាប់រយនាក់តែងស្លាប់ជារៀងរាល់ឆ្នាំ ដោយបំណាក់ដី និងទឹកជំនន់យ៉ាងគំហុក ដែលតែងតែកើតមាននៅបណ្ដាប្រទេសតំបន់ភ្នំហិម៉ាឡៃ ភាគច្រើនក្នុងរដូវខ្យល់មូសុង ដែលជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា និងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា៕


