ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យ (៥ តុលា) ថា អ្នកឡើងភ្នំរាប់រយនាក់ ដែលជាប់គាំងដោយព្យុះព្រិលនៅផ្នែកខាងកើតនៃភ្នំអេវឺរេស (Everest) ក្នុងតំបន់ទីបេ របស់ប្រទេសចិន ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពដោយក្រុមជួយសង្គ្រោះ ខណៈព្យុះព្រិល និងភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បានវាយលុកលើតំបន់ភ្នំហិម៉ាឡៃមួយនេះ។

ទូរទស្សន៍ CCTV របស់ចិន រាយការណ៍ថា គិតត្រឹមថ្ងៃអាទិត្យ អ្នកឡើងភ្នំចំនួន ៣៥០នាក់ បានទៅដល់ទីប្រជុំជនតូចមួយឈ្មោះ Qudang នៃតំបន់ទីបេ ខណៈអ្នកឡើងភ្នំជាង ២០០នាក់ទៀតដែលនៅសេសសល់លើភ្នំដ៏ល្បីល្បាញនោះ ក៏អាចទាក់ទងបានអស់ដែរ។

អ្នកឡើងទៅលេងជ្រលងភ្នំដាច់ស្រយាល Karma ដែលនាំទៅដល់ផ្នែកភាគខាងកើតឈ្មោះ Kangshung នៃភ្នំអេវឺរ៉េស មានចំនួនរាប់រយនាក់ក្នុងសប្តាហ៍នេះ ដោយសារស្របពេលជាមួយនឹងថ្ងៃបុណ្យជាតិ ៨ថ្ងៃនៅចិន។ ការធ្លាក់ព្រិលនៅជ្រលងភ្នំ ដែលមានកម្ពស់ជាមធ្យម ៤.២០០ម៉ែត្រនោះ បានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ហើយនៅតែបន្តកើតមានពេញថ្ងៃសៅរ៍។

CCTV រាយការណ៍ថា អ្នកឡើងភ្នំដែលនៅសេសសល់ នឹងទៅដល់ទីប្រជុំជន Qudang ជាដំណាក់កាលបន្តបន្ទាប់ទៀត ក្រោមការណែនាំ និងជំនួយពីក្រុមសង្គ្រោះ រៀបចំដោយរដ្ឋាភិបាលក្នុងតំបន់។ ដោយទិសខាងជើងបែរមុខទៅរកភ្នំអេវឺរ៉េស និងដោយសារផ្លូវក្រាលកៅស៊ូងាយស្រួល ជ្រលងនោះបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន។ ខែតុលា ជារដូវសម្បូរអ្នកឡើងទៅលេងយ៉ាងកុះករ ដែលជាធម្មតាមេឃស្រឡះល្អនៅចុងរដូវមូសុងរបស់ឥណ្ឌា៕