ភាគហ៊ុនជប៉ុន បានកើនឡើងច្រើនជាង ៤% ដល់កម្រិតខ្ពស់មិនធ្លាប់មាន ខណៈប្រាក់យ៉េនធ្លាក់ចុះនៅថ្ងៃចន្ទ (៦ តុលា) នេះ បន្ទាប់ពីភាពរង្គោះរង្គើនៃសារពើពន្ធ និងរូបិយវត្ថុ ស្របពេលលោកស្រី Sanae Takaichi ឈ្នះឆ្នោតក្លាយជាមេដឹកនាំគណបក្សកាន់អំណាចថ្មីរបស់ប្រទេសនេះ ដោយដាក់លោកស្រីនៅលើផ្លូវឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន។

ភាគហ៊ុន Nikkei បានកើនឡើងដល់ទៅ ៤,៣% ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ១៥នាទីដំបូងនៃការជួញដូរ បន្ទាប់ពីលោកស្រី Takaichi បានឈ្នះគូប្រជែង លោក Shinjiro Koizumi នៅក្នុងការបោះឆ្នោតថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ដែលបង្កើនក្ដីរំពឹងទុកសម្រាប់ការជំរុញសារពើពន្ធ។

ដោយឡែក ប្រាក់យ៉េនបានធ្លាក់ចុះ ១,៦% ដល់កម្រិត ១៥០យ៉េន ក្នុងមួយដុល្លារអាមេរិក ហើយទិន្នផលបណ្ណបំណុលរដ្ឋាភិបាលជប៉ុនរយៈពេលខ្លី បានធ្លាក់ចុះដល់កម្រិតទាបពីរសប្តាហ៍ ខណៈពាណិជ្ជករកំពុងរង់ចាំមើលថា តើនៅពេលណាដែលធនាគារកណ្តាលជប៉ុន នឹងបន្តការដំឡើងអត្រាការប្រាក់។
កាលពីកាលពីថ្ងៃសុក្រសប្ដាហ៍មុន — ពោលគឺមុនពេលការបោះឆ្នោតរើសប្រធានបក្សកាន់អំណាច — ហាងឆេងភ្នាល់ក្នុងទីផ្សារលើការសម្រេចចិត្តដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលជប៉ុន នៅចុងឆ្នាំនេះ បានធ្លាក់ចុះដល់ ៤១% ពីអត្រា ៦៨% កាលពីមុន៕
