ការិយាល័យរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអាទិត្យ (៥ តុលា) បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Sebastien Lecornu ដែលភារកិច្ចសំខាន់បំផុត និងគ្រោះថ្នាក់បំផុតរបស់រដ្ឋាភិបាលថ្មីនេះ គឺការទទួលបានសំឡេងគាំទ្រសម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៦ ដ៏ចម្រូងចម្រាស ពីក្នុងសភាដ៏បែកបាក់ និងប្រេះស្រាំ។

បារាំងបានរាយបញ្ជីឈ្មោះរដ្ឋមន្ត្រី និងមុខតំណែងថ្មីៗជាច្រើនដូចជា លោកស្រី Elisabeth Borne រដ្ឋមន្ត្រីក្រសួងអប់រំ - លោក Manuel Valls រដ្ឋមន្ត្រីទទួលបន្ទុកដែនដីក្រៅប្រទេស - លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ - លោក Bruno Retaillea រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងការពារជាតិ។

តំណែងសំខាន់ៗផ្សេងទៀតរួមមាន លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេស - លោកស្រី Catherine Vautrin រដ្ឋមន្ត្រីសុខាភិបាល និងការងារ - លោកស្រី Rachida Dati រដ្ឋមន្ត្រីវប្បធម៌ - លោក Roland Lescure រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាតំណែងថ្មីៗនៃមន្រ្តីជាន់ខ្ពស់ច្រើនរូបទៀត។
រដ្ឋាភិបាលរបស់លោក Lecornu នេះក៏នៅតែបន្តប្រឈមនឹងហានិភ័យនៃអរិភាពក្នុងសភា ដោយសារតែខ្លួនខ្វះសំឡេងភាគច្រើន។ លោក Lecornu បានក្លាយជានាយករដ្ឋមន្ត្រីទី៥ ហើយរបស់លោក Macron ក្នុងពេលតិចជាង ២ឆ្នាំ បន្ទាប់ពីសភាដ៏បែកបាក់រវាងក្រុមមនោគមវិជ្ជាប្រឆាំងចំនួន៣ បានរួមគ្នាបោះឆ្នោតដកសេចក្ដីទុកចិត្ត និងទម្លាក់តំណែងនាយករដ្ឋមន្រ្តីពីមុន ជុំវិញផែនការក្នុងការដោះស្រាយបំណុលជាតិ៕