ពលរដ្ឋអ៊ីស្រាអែល នៅទីក្រុង Athens ប្រទេសក្រិក បានរៀបចំពិធីរំលឹកមួយនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ដើម្បីរំលឹកដល់ជនរងគ្រោះនៃការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ខណៈនៅកន្លែងផ្សេងទៀតក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីនបានទៅប្រមូលផ្តុំគ្នានៅមុខសភាប្រទេសក្រិកដើម្បីគាំទ្រការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។

នៅជិតស្ថានទូតអ៊ីស្រាអែល ប្រធានសមាគមមិត្តភាពអ៊ីស្រាអែល-ក្រិក លោក Kosmas Pentakalos អាយុ៥៥ឆ្នាំ បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនិងការវិលត្រឡប់របស់ចំណាប់ខ្មាំង និងបាននិយាយថា ក្រុមហាម៉ាសមិនគួរមានតួនាទីក្នុងអភិបាលកិច្ចប៉ាឡេស្ទីននាពេលអនាគតណាមួយឡើយ។

សមាជិកសមាគមម្នាក់បានសម្តែងការសោកស្ដាយចំពោះជនរងគ្រោះដែលគ្មានកំហុស ប៉ុន្តែបាននិយាយថា ចាំបាច់ត្រូវបែងចែកខុសគ្នារវាងជនស្លូតត្រង់និងជនប្រដាប់អាវុធ ដែលកំពុងធ្វើដំណើរនៅក្នុងតំបន់ស៊ីវិល ហើយពួកគេយកមន្ទីរពេទ្យ និងសាលារៀនធ្វើជាជំរំយោធា។ ជនជាតិអ៊ីស្រាអែល អាយុ២២ឆ្នាំម្នាក់ បានច្រានចោលការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដោយលើកហេតុផលថាអ៊ីស្រាអែល មានបំណងកាត់បន្ថយការស្លាប់ជនស៊ីវិល។ នៅខាងក្រៅសភាប្រទេសក្រិក បាតុករគាំទ្រប៉ាឡេស្ទីនជាច្រើនរយនាក់បានទៅប្រមូលផ្តុំគ្នា ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់បដាដែលមានអំណានថា «សេរីភាពចំពោះប៉ាឡេស្ទីន។ សេរីភាពដល់បងប្អូនរបស់យើង»។ សាក្សីបាននិយាយថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានវាយលុកតំបន់នានានៅទូទាំងតំបន់ហ្កាហ្សាពេញមួយយប់កាលពីថ្ងៃអាទិត្យ ដោយបានបំផ្លាញអគារលំនៅឋានជាច្រើនខ្នង ខណៈប៉ាឡេស្ទីនសង្ឃឹមថា ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្រ្គាមនឹងបន្ធូរបន្ថយទុកខវេទនារបស់ពួកគេក្នុងពេលឆាប់ៗនេះ។