ភាពប្រេះឆាក្នុងក្រុមចម្រុះស្តាំនិយមជ្រុលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងលេចចេញជាចំណុចក្ដៅគគុកមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមតំបន់ហ្កាហ្សា ដោយគំរាមកំហែងបង្អាក់ការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំឡើងវិញនូវទិដ្ឋភាពនយោបាយមជ្ឈិមបូព៌ា។

នៅក្រោមសម្ពាធកាន់តែធ្ងន់ពីលោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្រ្គាមអាយុកាលពីរឆ្នាំនៅហ្កាហ្សា លោក Netanyahu កំពុងប្រឈមនឹងភាពតានតឹងទាំងក្នុងនិងក្រៅ ជាពិសេសពីសម្ព័ន្ធមិត្តជាតិនិយមជ្រុលរបស់លោក ដែលការប្រឆាំងរបស់ពួកគេទៅនឹងសំណើសន្តិភាពអាមេរិកនៅតំបន់ហ្កាហ្សា អាចបង្ខំមេដឹកនាំអ៊ីស្រាអែលរូបនេះ ឱ្យធ្លាក់ក្នុងការបោះឆ្នោតមុនអាណត្តិ។
លោក Netanyahu ទទួលយកផែនការ ២០ចំណុចរបស់លោក Trump ក្នុងការបញ្ចប់សង្រ្គាម ដែលនាំឱ្យហ្កាហ្សាគ្មានយោធា និងលុបចោលតួនាទីគ្រប់គ្រងនាពេលអនាគតសម្រាប់ក្រុមហាម៉ាស ប៉ុន្តែអនុញ្ញាតឱ្យសមាជិកក្រុមនេះនៅហ្កាហ្សាដដែល ប្រសិនបើពួកគេបោះបង់អំពើហិង្សា និងទម្លាក់អាវុធ។
គំនិតដែលថាក្រុមហាម៉ាសនៅតែអាចមានវត្តមាន បានធ្វើឱ្យដៃគូចម្រុះស្តាំនិយមរបស់លោក Netanyahu ខឹងសម្បារជាខ្លាំង។ រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir បាននិយាយថា "គ្រប់គ្នាមិនអាចយល់ព្រមទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលថាអង្គការភេរវករដែលបាននាំមកនូវគ្រោះមហន្តរាយដ៏ធំបំផុតលើរដ្ឋអ៊ីស្រាអែល អាចរស់រានឡើងវិញ"។
ប្រសិនបើបណ្ដារដ្ឋន្រ្តីស្ដាំនិយមជ្រុលអ៊ីស្រាអែលជឿថា លោក Netanyahu ធ្វើសម្បទានច្រើនពេកដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា នោះក្រុមចម្រុះកំពុងកាន់អំណាចរបស់លោកអាចដួលរលំមុន។

