បាល់ទាត់៖ ក្រុមជំរើសជាតិវៀតណាមទីបំផុតរកបានជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងវគ្គជំរុះ World Cup ជុំទី៣ ក្រោយយកឈ្នះចិន ៣-១ នៅទីក្រុងហាណូយ។ វៀតណាមដែលបរាជ័យ ៧ប្រកួតជាប់គ្នាមកហើយក្នុងការបង្ហាញខ្លួននៅវគ្គជំរុះជុំទី៣ នេះបាននាំមុខ ២គ្រាប់មុនក្នុងការប្រកួតនេះនៅនាទីទី៩ ដោយ Ho Tan Tai និងនាទីទី១៦ ដោយ Nguyen Tien Linh។

ឈានដល់វគ្គទី២ Phan van Duc បន្ថែមមួយគ្រាប់ទៀតឱ្យវៀតណាមនៅនាទីទី៧៦ មុនពេលដែលចិនតបបានមួយគ្រាប់ដែរនៅចុងម៉ោងនាទីទី៩០+៧ ដោយ Xu Xin។ ចិន និងវៀតណាមសុទ្ធតែអស់ឱកាសដូចគ្នាក្នុងការដណ្តើមកៅអី World Cup ដោយវៀតណាមទើបមាន ៣ពិន្ទុពីការប្រកួត ៨លើកតាមពីក្រោយចិនដែលមាន ៥ពិន្ទុ។ ចំណែកឯការប្រកួតប្រជែងក្រុមកំពូលតារាងកាន់តែស្វិតស្វាញ ក្រោយជប៉ុនយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ២-០ នៅកីឡដ្ឋាន Saitama។ ខ្សែប្រយុទ្ធ Liverpool, Takumi Minamino ជាអ្នករកបានគ្រាប់នាំមុខឱ្យជប៉ុននៅនាទីទី៣២ មុនពេលដែល Junya Ito ធានាជ័យជម្នះឱ្យជប៉ុននៅនាទីទី៥០។ ជ័យជម្នះនេះធ្វើឱ្យជប៉ុនដេញប្រកៀកជាមួយក្រុមកំពូលតារាងអារ៉ាប៊ីសាអ៊ូឌីតខុសគ្នាតែ ១ពិន្ទុប៉ុណ្ណោះខណៈអារ៉ាប៊ីសាអ៊ូឌីតមាន ១៩ពិន្ទុស្គាល់បរាជ័យដំបូងនៅក្នុងពូល។

រីឯអូស្ត្រាលីឈរលេខ ៣ ក្នុងតំណែង Play-Off ដោយមាន ១៥ពិន្ទុដេញពីក្រោយជប៉ុន ៣ពិន្ទុបន្ទាប់ពីធ្វើអ្វីក្រុមអូម៉ង់មិនបានបានត្រឹមស្មើគ្នា ២-២។ អូស្ត្រាលីនាំមុខមុនដោយ Jamie Maclaren នៅនាទីទី១៥ ដោយបាល់ពិន័យ ១១ម៉ែត្រតែអូម៉ង់ក៏តាមស្មើវិញនៅដើមវគ្គទី២ នាទីទី៥៤ ដោយ Abdullah Fawaz។ អូស្ត្រាលីក៏នាំមុខជាថ្មីម្តងទៀតដោយ Aaron Mooy នាទីទី៧៩ និងគួរតែជាគ្រាប់បាល់ជ័យជម្នះទៅហើយតែ Abdullah Fawaz ដដែលជាអ្នកស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើឱ្យអូម៉ង់នៅនាទីទី៨៩។ អូម៉ង់អស់ឱកាសទៅហើយទោះស្មើប្រកួតនេះក្តីដោយមានត្រឹម ៨ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ