នាយករដ្ឋមន្ត្រីប្រទេសហ្សកហ្ស៊ី លោក Irakli Kobakhidze បាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ថា ក្រុមអ្នកតវ៉ាដែលបានព្យាយាមសម្រុកចូលទៅកាន់វិមានប្រធានាធិបតី មានបំណងផ្តួលរំលំរដ្ឋាភិបាល ហើយបានចោទប្រកាន់សហភាពអឺរ៉ុបថាបានជ្រៀតជ្រែកក្នុងនយោបាយរបស់ប្រទេសហ្សកហ្ស៊ី។

នគរបាលបង្ក្រាបកុបកម្មប្រទេសហ្សកហ្ស៊ី បានប្រើប្រាស់ការបាញ់ម្រេចនិងកាណុងបាញ់ទឹក ដើម្បីបណ្តេញក្រុមអ្នកតវ៉ាឲ្យចេញឆ្ងាយពីវិមានប្រធានាធិបតី និងបានឃុំខ្លួនសកម្មជន៥នាក់ ខណៈក្រុមប្រឆាំងបានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅថ្ងៃបោះឆ្នោតក្នុងស្រុក។ លោក Kobakhidze បាននិយាយថា មនុស្សរហូតដល់៧.០០០នាក់បានចូលរួមក្នុងការប្រមូលផ្តុំគ្នានេះ ប៉ុន្តែ «ការប៉ុនប៉ងរបស់ពួកគេដើម្បីផ្តួលរំលំសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ» បានបរាជ័យ ទោះបីជាអ្វីដែលលោកបាននិយាយថាជាការគាំទ្រពីសហភាពអឺរ៉ុបក៏ដោយ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីសហភាពអឺរ៉ុបលើការអះអាងនេះទេ ប៉ុន្តែកាលពីក្នុងខែកក្កដា សេវាផ្នែកការទូតរបស់សហភាពអឺរ៉ុប បានច្រានចោលនូវអ្វីដែលខ្លួនបាននិយាយថាជា «ការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋាន»ដោយអាជ្ញាធរប្រទេសហ្សកហ្ស៊ីអំពីតួនាទីដែលត្រូវបានចោទប្រកាន់របស់សហភាពអឺរ៉ុប នៅហ្សកហ្ស៊ី។ គណបក្សក្តីសុបិន្តហ្សកហ្ស៊ី ដែលកំពុងគ្រប់គ្រង បាននិយាយថា ខ្លួនបានទទួលជ័យជម្នះនៅគ្រប់ក្រុងទាំងអស់នៅទូទាំងប្រទេសតំបន់កូកាសខាងត្បូង(South Caucasus) ដែលមានប្រជាជនចំនួន៣,៧លាននាក់នៅក្នុងការបោះឆ្នោតមួយដែលធ្វើពហិការដោយប្លុកបក្សប្រឆាំងធំបំផុតចំនួនពីរ។
ក្រុមប្រឆាំងគាំទ្រលោកខាងលិចរបស់ប្រទេសហ្សកហ្ស៊ីបានធ្វើការតវ៉ាចាប់តាំងពីខែតុលាឆ្នាំមុន នៅពេលដែលគណបក្សក្តីសុបិន្តហ្សកហ្ស៊ី បានឈ្នះការបោះឆ្នោតសភា ដែលអ្នករិះគន់របស់ខ្លួននិយាយថាជាការក្លែងបន្លំ ប៉ុន្តែគណបក្សនេះ បានច្រានចោលការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត។