ក្រសួងពាណិជ្ជកម្មថៃ បាននិយាយនៅថ្ងៃចន្ទ (៦ តុលា) ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសនេះ មានភាពអវិជ្ជមានខ្លាំងសម្រាប់រយៈពេល ៦ខែជាប់ៗគ្នាក្នុងខែកញ្ញាកន្លងទៅ ដែលជំរុញដោយតម្លៃថាមពលទាប ខណៈក្រសួងនេះបានបន្ទាបការព្យាករពេញមួយឆ្នាំរបស់ខ្លួនមកត្រឹម ០ភាគរយ។

នេះក៏ជាខែទី៧ ជាប់ៗគ្នាដែរ ដែលអត្រាអតិផរណាស្ថិតក្រោមកម្រិតគោលដៅរបស់ធនាគារកណ្តាលថៃ ពី ១% ទៅ ៣%។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានធ្លាក់ចុះ ០,៧២% ក្នុងខែកញ្ញា ធៀបនឹងឆ្នាំមុន ដែលកាន់តែជ្រៅជាងការព្យាករពីការធ្លាក់ចុះត្រឹម ០,៦% ក្នុងការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ ហើយបានកើតឡើងក្រោយការធ្លាក់ចុះ ០,៧៩% នៅក្នុងខែសីហា។

សន្ទស្សន៍ CPI ស្នូល — ដែលមិនរាប់បញ្ចូលតម្លៃថាមពលប្រែប្រួល និងតម្លៃអាហារស្រស់ — បានកើនឡើង ០,៦៥% នៅក្នុងខែកញ្ញា ធៀបនឹងឆ្នាំមុន ទល់នឹងការព្យាករនៃកំណើន ០,៧៦%។ រដ្ឋាភិបាលថ្មីរបស់ថៃ កំពុងតែទទួលរងនូវបន្ទុកដ៏ធំ ជាពិសេសសេដ្ឋកិច្ចធ្លាក់ចុះ ដែលរងការប៉ះពាល់ដោយពន្ធគយ ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងរូបិយប័ណ្ណរង្គោះរង្គើ។
គួរឱ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំអវិជ្ជមាន — ដែលត្រូវគេស្គាល់ថាជាបរិត្តផរណា — ជាទូទៅមិនល្អសម្រាប់សេដ្ឋកិច្ចនោះទេ ព្រោះបង្ហាញពីភាពទន់ខ្សោយជាមូលដ្ឋាន ហើយអាចនាំទៅរកវដ្តនៃការខូចខាតចំណាយរបស់អ្នកប្រើប្រាស់ ផលិតកម្មទាប និងកំណើនភាពអត់ការងារធ្វើ៕