ក្រុមអ្នកតវ៉ាទាំងគាំទ្រ និងប្រឆាំងលោកប្រធានាធិបតីអេក្វាឌ័រ Daniel Noboa បានប្រមូលផ្តុំគ្នាយ៉ាងកុះករនៅក្នុងរដ្ឋធានីគីតូ កាលពីថ្ងៃអាទិត្យ (៥ តុលា) បន្ទាប់ពីស្ថានភាពអាសន្នបានចូលជាធរមាននៅក្នុងខេត្តចំនួន១០ នៅទូទាំងប្រទេស។

បាតុកម្មបែបនេះបានចាប់ផ្តើមកាលពី ២សប្តាហ៍មុន ដែលរៀបចំដោយក្រុមជនជាតិដើមភាគតិចដ៏ធំបំផុតរបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ ដែលបាននាំឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើងពី ១,៨០ដុល្លារ ទៅដល់ ២,៨០ដុល្លារ ក្នុងមួយហ្គាឡុង។

បាតុករដែលមិនពេញចិត្តនឹងរដ្ឋាភិបាលប្រទេសនេះបានស្រែកតវ៉ាថា “ប្រេងម៉ាស៊ូតឡើងថ្លៃ អ្វីៗក៏ឡើងថ្លៃ” និង “លោក Noboa ចុះចេញទៅ” នៅសួនកម្សាន្តដ៏ពេញនិយមមួយក្នុងរដ្ឋធានី ជាទីដែលក្រុមអ្នកគាំទ្រគាំទ្ររដ្ឋាភិបាល ក៏បានប្រមូលផ្តុំគ្នាក្នុងចំនួនដ៏ច្រើនផងដែរ។ ពុំមានឧប្បត្តិហេតុ ឬហិង្សាត្រូវបានរាយការណ៍នោះទេ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ រដ្ឋាភិបាលបានប្រកាសគ្រាអាសន្នចាប់ពីថ្ងៃអាទិត្យនៅពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ក្នុងខេត្តចំនួន១០ ដោយលើកឡើងពី «ភាពចលាចលផ្ទៃក្នុងធ្ងន់ធ្ងរ»។ ខេត្តទាំងនោះជាតំបន់ដែលមានប្រជាជនជនជាតិដើមភាគតិចរស់នៅច្រើន និជាទីកន្លែងដែលការតវ៉ាត្រូវបានប្រមូលផ្តុំ៕