ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអភិវឌ្ឍប្រឡាយព្រែកពោធិ៍ ដែលជាប្រព័ន្ធធារាសាស្ត្របែប ទំនើបកម្ម នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលនឹងអាចឱ្យកសិករក្នុងឃុំចំនួន៧ទាញ ទឹកពីប្រឡាយនេះ យកទៅស្រោចស្រពដំណាំស្រូវ ទាំងដូវប្រាំង និងរដូវវស្សាលើផ្ទៃស្រែសរុបប្រមាណជិត ១ម៉ឺនហិកតា ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងលើកទិសដៅបន្ត របស់ខេត្តកំពង់ ចាមកាលពីម្សិលមិញ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងថា នៅស្រុកស្រីសន្ធរ កាលមានស្ថានីយបូមទឹករបស់សម្ដេចតេជោទី៣០ ៣១ ៣២ និង៣៣ បូមទឹកពីទន្លេមេគង្គ ប្រើប្រាស់ម៉ាស៊ីនបណ្ដែត បូមទម្លាក់ទៅប្រឡាយមេ និងបូមបន្តទៀត ដើម្បីនាំទឹកជូនប្រជាពលរដ្ឋខ្វះខាតទឹកស្រោចស្រោពដំណាំកសិកម្មនៅចុងរដូវឬនៅដើមរដូវ។
លោក បានបន្តថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំទឹកយកទៅផ្គត់ផ្គង់ដំណាំស្រូវរបស់ពលរដ្ឋ ទៀតនោះ ក្រសួងធនធានទឹក បានអភិវឌ្ឍប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ ដែលជាស្ថានីយបូមទឹកដោយស្វ័យប្រវត្តិ អាចជួយស្រោចស្រពដំណាំស្រូវនៅរដូវវស្សាបានជាង ៨៥០០ហិកតា និងនៅរដូវប្រាំងបានជាង ៨៥០០ហិកតាដូចគ្នា។
លោក អ៊ុម វិបុល បានបន្ថែមថា សម្រាប់នៅខេត្តកំពង់ចាម នាពេលបច្ចុប្បន្ន មានប្រព័ន្ធធារា សាស្រ្តចំនួនជាង ២៦០កន្លែង ក្នុងនោះមានខ្នាតធំ ១កន្លែង ខ្នាតមធ្យម ចំនួន៧៤កន្លែង និងខ្នាតតូច ចំនួនជាង ១៨០កន្លែង ។
ក្នុងសន្និសីទនោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងអំណរគុណរាជ រដ្ឋាភិបាល និងក្រសួងធនធានទឹក ដែលបានជួយអភិវឌ្ឍនូវប្រព័ន្ធធារាសាស្ត្រ ទាំងតូច ទាំងធំដល់ខេត្តកំពង់ចាម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ៕អត្ថបទ៖ បាន សុខរិទ្ធ







