រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានប្រកាសកាលពីថ្ងៃអាទិត្យ (ទី៥ ខែតុលា)ថា អ្នកចរចា គឺ «ខិតកាន់កៀកបំផុតជាលើកដំបូង ក្នុងរយៈពេលដ៏យូរ» ក្នុងការធានាបាននូវការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ដែលត្រូវបានឃុំដោយក្រុមហាម៉ាស ដោយនេះជាការទម្លាយភាពទាល់ច្រក ដែលលោកបានសន្មតយ៉ាងច្បាស់ថា ដោយសារក្របខ័ណ្ឌសន្តិភាពគ្រប់ជ្រុងជ្រោយរបស់លោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធអន្តរជាតិដ៏មានឥទ្ធិពលដែលលោកបានប្រមូលផ្តុំឲ្យគាំទ្រគម្រោងនេះ។
អំឡុងពេលថ្លែងតាមទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Rubio បានបញ្ជាក់ថា ក្រុមហាម៉ាសបានទទួលយក «គ្រប់ផ្នែក» នៃសំណើរបស់លោកប្រធានាធិបតី សម្រាប់ការដោះលែងចំណាប់ថ្នូរ ហើយថា ការពិភាក្សាកំពុងដំណើរការ ដើម្បីបញ្ចប់ការដឹកជញ្ជូនដ៏ស្មុគស្មាញនៃការដោះលែងអ្នកទាំងនោះ។

ទោះបីជាទទួលស្គាល់ថា ដំណាក់កាលបន្តបន្ទាប់នៃការបង្កើតអភិបាលកិច្ចថ្មីមិនមានក្រុមភេរវករ សម្រាប់តំបន់ហ្កាហ្សា នឹងជា «ផ្នែកដ៏តានតឹង» នៃដំណើរការនេះក៏ដោយ ក៏រដ្ឋមន្រ្តីរូបនេះបានសម្តែងនូវសុទិដ្ឋិនិយមមួយកម្រិតដែលមិនធ្លាប់បានឃើញក្នុងរយៈពេលជាច្រើនខែ ដោយបញ្ជាក់ថា ការធ្វើការរួមគ្នាដ៏មានឥទ្ធិពលនៃបណ្តាប្រទេសអារ៉ាប់ ឥស្លាម និងអឺរ៉ុប ឥឡូវនេះ កំពុងជំរុញក្នុងទិសដៅដូចគ្នា ដើម្បីបញ្ចប់សង្រ្គាមជិត ២ឆ្នាំនេះ។
លោក Rubio បានប្រាប់ពិធីការនី លោកស្រី Gillian Turner ថា «ក្រុមហាម៉ាសបានទទួលយកផ្នែកទាំងអស់នៃសំណើរបស់លោកប្រធានាធិបតី Trump សម្រាប់ការដោះលែងចំណាប់ថ្នូរ» ដោយលោកបានច្រានចោលនូវការយល់ឃើញ ដែលថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់ក្រុមហាម៉ាស គ្រាន់តែជាតាកទិចយុទ្ធសាស្ត្រពន្យារពេលនោះ។
គួរបញ្ជាក់ថា ទាំងក្រុមហាម៉ាស និងអ៊ីស្រាអែលបានឆ្លើយតបជាវិជ្ជមាន ចំពោះផែនទីបង្ហាញផ្លូវរបស់លោក Trump ហើយលោកប្រធានាធិបតីខ្លួនលោកផ្ទាល់ បាននិងកំពុងជំរុញឲ្យមានការបញ្ចប់យ៉ាងឆាប់រហ័ស ចំពោះការចរចានេះ៕

