សម្តេចប៉ាប អេឡូ ទី១៤ (Pope Leo XIV) កាលពីថ្ងៃអាទិត្យ បានបង្ហាញព្រះហទ័យសាទរ ចំពោះ «វឌ្ឍនភាពដ៏ធំ» ឆ្ពោះទៅរកសន្តិភាព នៅតំបន់ហ្កាហ្សា ដោយអំពាវនាវជាថ្មីម្តងទៀតឲ្យមានបទឈប់បាញ់នៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញ និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។
សុន្ទរកថារបស់ព្រះអង្គ ចូលរួមជាមួយការបន្ទរនៃសេចក្តីថ្លែងការណ៍ការទូតបន្ទាប់ពីការឆ្លើយតបជាវិជ្ជមានរបស់ក្រុមហាម៉ាស ចំពោះផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ខណៈដែលព្រះអង្គជួបជុំបរិស័ទ នៅឯបុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិកសញ្ជាតិអាមេរិកអង្គនេះ បានមានព្រះបន្ទូលថា៖ «ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ វឌ្ឍនភាពដ៏ធំត្រូវបានធ្វើឡើងនៅក្នុងការចរចាសន្តិភាព ដែលខ្ញុំសង្ឃឹមថា នឹងនាំទៅរកលទ្ធផលដែលគ្រប់គ្នាចង់បានឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានេះ ព្រះអង្គបានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់បុគ្គលដែលមានការទទួលខុសត្រូវទាំងអស់ ប្តេជ្ញាឆ្ពោះទៅរកផ្លូវនេះ ពោលគឺទៅដល់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង«។
យ៉ាងណាក្ដី ប្រមុខនៃវិហារកាតូលិកក៏បានសម្តែងក្ដីបារម្ភផងដែរ អំពី «ការកើនឡើងនូវការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជីហ្វ នៅទូទាំងពិភពលោក» ដែលព្រះអង្គបានមានបន្ទូលថា «ត្រូវបានបង្ហាញដោយសោកនាដកម្ម នៅក្នុងការវាយប្រហារភេរវករ នៅទីក្រុង Manchester ប្រទេសអង់គ្លេស» ដោយព្រះអង្គសំដៅទៅលើការវាយប្រហារលើវិហារជ្វីហ្វមួយ កាលពីថ្ងៃព្រហស្បតិ៍ដែលបានសម្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ ៣នាក់ទៀត៕
