ពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រ ប្រចាំឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនទៅអ្នកវិទ្យាសាស្ត្រ ៣រូប ដែល ២នាក់ ជាជនជាតិអាមេរិក និងម្នាក់ជាជនជាតិជប៉ុន ដោយសារបានរកឃើញនូវរបៀបដែលប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់យើង ប្រឆាំងនឹងការលុកលុយពីអតិសុខុមប្រាណខុសៗគ្នារាប់ពាន់។
នាថ្ងៃចន្ទ (ទី៦ ខែតុលា) នេះ នៅឯពិធី ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត គណៈកម្មាធិការពានរង្វាន់ណូបែល បានប្រកាសថា លោកស្រី Mary E. Brunkow លោក Fred Ramsdell និងលោក Shimon Sakaguchi នឹងលើកពានរង្វាន់នេះរួមគ្នា «ជុំវិញការរកឃើញជាមូលដ្ឋានរបស់ពួកគេ ទាក់ទងនឹងភាពធន់របស់ប្រព័ន្ធភាពស៊ាំខាងក្រៅរាងកាយ»។
ម្ចាស់ជ័យលាភីទាំង ៣រូប បានរកឃើញ «កោសិកាត្រួតពិនិត្យ T» ដែលមានមុខងារដូចជាឆ្មាំការពារសន្តិសុខនៃប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់កោសិកាប្រព័ន្ធភាពស៊ាំមិនឲ្យវាយប្រហាររាងកាយរបស់យើង។ ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែល លោក Olle Kämpe បានលើកឡើងថា៖ «ការរកឃើញរបស់ពួកគេ បានបង្ហាញនូវសារៈសំខាន់ សម្រាប់ការយល់ដឹងរបស់យើង អំពីរបៀបដែលប្រព័ន្ធភាពស៊ាំ ដំណើរការ និងអំពីមូលហេតុដែលយើងទាំងអស់គ្នា មិនវិវត្តទៅជាជំងឺអូតូអ៊ុយមីន (ជំងឺដែលបណ្តាលមកពីភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ) ធ្ងន់ធ្ងរ»។
កាលពីឆ្នាំមុន ពានរង្វាន់នេះត្រូវបានប្រគល់ជូនទៅអ្នកវិទ្យាសាស្ត្រអាមេរិក លោក Victor Ambros និង Gary Ruvkun សម្រាប់ការងាររបស់ពួកលោក ជុំវិញការរកឃើញ microRNA ជាម៉ូលេគុលគ្រប់គ្រងរបៀបដែលកោសិកាដំណើរការក្នុងរាងកាយ។
នៅឆ្នាំ២០២៣ ពានរង្វាន់ត្រូវបានប្រគល់ជូនដល់ Katalin Karikó និង Drew Weissman សម្រាប់ការងាររបស់ពួកគេ លើវ៉ាក់សាំង RNA (ការប្រើបច្ចេកវិទ្យាបញ្ចូនសារmRNA) ដែលជាគន្លឹះដ៏សំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ពានរង្វាន់នេះ ទទួលបានជាសាច់ប្រាក់ចំនួន ១១លានក្រូណាស៊ុយអែត (១លានដុល្លារ)៕