ក្រសួងការបរទេស នៅថ្ងៃចន្ទ (ទី៦ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់មិនមានគម្រោងចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញភ្លាមៗជាមួយបណ្តាប្រទេសអឺរ៉ុបនោះទេ បន្ទាប់ពីការដាក់ទណ្ឌកម្មឡើងវិញ ត្រូវបានអនុវត្តដោយរដ្ឋធំៗទាំងនោះ។
អង់គ្លេស បារាំង និងអាល្លឺម៉ង់ ឬ E3 ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ បានដាក់ទណ្ឌកម្មឡើងវិញកាលពីថ្ងៃទី២៨ ខែកញ្ញា ដែលបង្កឲ្យមានឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ជាអ្វីដែលគេហៅថា យន្តការដាក់ទណ្ឌកម្មស្វ័យប្រវត្តិឡើងវិញ។

អ្នកនាំពាក្យក្រសួងលោក Esmaeil Baqaei បាននិយាយថា «យើងមិនមានផែនការ សម្រាប់ការចរចានៅដំណាក់កាលនេះទេ» ដោយលោកបានបន្ថែមថា អ៊ីរ៉ង់កំពុងពិនិត្យមើល «ផលវិបាក និងផលប៉ះពាល់» នៃការចាប់ផ្តើមឡើងវិញនូវទណ្ឌកម្មដែលផ្តួចផ្តើមដោយប្រទេសដែលគេស្គាល់ថា E3។
លោក Baqaei បាននិយាយថា៖ «ជាការពិតណាស់ ក្នុងន័យរក្សាទំនាក់ទំនង និងការពិគ្រោះយោបល់ ការទូតនឹងបន្តមាន»។ លោកបានបញ្ជាក់បន្ថែមថា៖ «នៅពេលណាដែលយើងមានអារម្មណ៍ថា ការទូតអាចមានប្រសិទ្ធភាព យើងពិតជានឹងធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ និងអាទិភាពរបស់ប្រទេស»
គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចូលរួមដោយអ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ថា បានបន្តប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរ និងកំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាបន្ទាត់ក្រហម។ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ ហើយថា ខ្លួនមានសិទ្ធិចម្រាញ់សារធាតុនេះ ក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕
