ទីភ្នាក់ងារសារព័ត៌មាន NTB បានរាយការណ៍ថា អាកាសយានដ្ឋាន ក្នុងទីក្រុង Oslo របស់ប្រទេសន័រវែស បានផ្អាកការចុះចតជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃចន្ទ (ទី៦ ខែតុលា) បន្ទាប់ពីមានរបាយការណ៍ពីការប្រទះឃើញយានដ្រូន នៅជិតអាកាសយានដ្ឋាន។

ដោយដកស្រង់សម្ដីនគរបាល សារព័ត៌មានន័រវែសមួយនេះ បានរាយការណ៍ថា ជើងហោះហើរមកជាច្រើនវ៉ុល ត្រូវបានពន្យារពេល ឬបង្វែរទិសដៅ បន្ទាប់ពីនគរបាលបានទទួលរបាយការណ៍មួយ កាលពីពាក់កណ្តាលអធ្រាត្រថា អ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Norwegian Air គិតថា រូបគេបានឃើញយានដ្រូនពី ៣ ទៅ ៥គ្រឿង ក្នុងអំឡុងពេលទៅកៀកអាកាសយានដ្ឋាន។
យ៉ាងណាក្ដី សារព័ត៌មាន NTB បានរាយការណ៍ថា ការប្រទះឃើញនេះ នៅតែមិនត្រូវបានផ្ទៀងផ្ទាត់ ហើយថា ប្រតិបត្តិការទាំងអស់បានចាប់ផ្ដើមឡើងនៅអាកាសយានដ្ឋាននេះ។
គួរបញ្ជាក់ថា អាកាសចរណ៍អ៊ឺរ៉ុប បានធ្លាក់ចូលទៅក្នុងភាពវឹកវរម្តងហើយម្តងទៀត នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការប្រទះឃើញយានដ្រូន និងការលុកលុយផ្លូវអាកាស ក្នុងនោះរួមទាំងនៅអាកាសយានដ្ឋាន ក្នុងទីក្រុង Copenhagen (ដាណឺម៉ាក) ទីក្រុង Oslo និងទីក្រុង Munich (អាល្លឺម៉ង់) ផងដែរ៕
