រដ្ឋាភិបាលវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៦ ខែតុលា) នេះថា ប្រមុខបក្សកុម្មុយនីស្តវៀតណាម លោក To Lam នឹងធ្វើដំណើរទៅកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ ដែលជាការធ្វើទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវៀតណាមទៅកាន់ប្រទេសឯកោមួយនេះ ក្នុងរយៈពេលជិត ២០ឆ្នាំ។
ដំណើរទស្សនកិច្ចដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ជាលើកដំបូងក្នុងខែកញ្ញា នឹងកើតឡើងស្របពេលនឹងព្រឹត្តិការណ៍ព្យុហយាត្រាយោធារបស់កូរ៉េខាងជើង ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០ ខែតុលា ដើម្បីអបអរខួប ៨០ឆ្នាំ គិតចាប់តាំងពីការបង្កើតគណបក្សកាន់អំណាច គឺបក្សកម្មករ។
រដ្ឋាភិបាល នៅទីក្រុងហាណូយ បានបញ្ជាក់ថា ទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក Lam នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែតុលា។ ហើយដោយបញ្ជាក់ពីរបាយការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា ដំណើរនោះបានធ្វើឡើងតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un៕