គណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់កិច្ចចរចាដោយប្រយោលលើកដំបូងរបស់ពួកគេនៅអេហ្ស៊ីប កាលពីថ្ងៃចន្ទ (៦ តុលា) ស្តីពីផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ឈប់សង្គ្រាមក្នុងតំបន់ហ្កាហ្សា ប៉ុន្តែការខ្វែងគំនិតនៅតែមានដដែល ជាមួយបញ្ហាដ៏ចម្រូងចម្រាសមួយចំនួនដូចជា ការទាមទារឱ្យអ៊ីស្រាអែល ដកទ័ព និងក្រុមហាម៉ាស រំសាយអាវុធ។

ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានគាំទ្រគោលការណ៍រួមនៅពីក្រោយផែនការរបស់លោក Trump ដែលនឹងមើលឃើញការឈប់ប្រយុទ្ធគ្នា ចំណាប់ថ្នូរត្រូវដោះលែង និងផ្តល់ជំនួយចូលទៅក្នុងដែនដីហ្កាហ្សា។ យ៉ាងណាមិញ ប្រភពដែលដឹងពីការពិភាក្សាបាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា ចំណុចខ្ទាស់ទាំងពីរខាងលើនៅតែជាឧបសគ្គដល់សន្តិភាព ជាពិសេសគឺការមិនទុកចិត្តគ្នារវាងភាគីជម្លោះ។

កិច្ចពិភាក្សាបានចាប់ផ្តើមនៅរមណីយដ្ឋានសមុទ្រក្រហម Sharm El Sheikh ជាមួយនឹងគណៈប្រតិភូមកពីអេហ្ស៊ីប សហរដ្ឋអាមេរិក និងកាតា ដែលមានវត្តមានជាអន្តរការី។ មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងការចរចានោះ បាននិយាយថា សម័យប្រជុំដំបូងបានបញ្ចប់នៅល្ងាចថ្ងៃចន្ទ ហើយកិច្ចពិភាក្សាបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ។
ប្រភពដដែលនិយាយទៀតថា ក្រុមហាម៉ាស បានគូសបញ្ជាក់ពីជំហររបស់ខ្លួនលើការដោះលែងចំណាប់ថ្នូរ និងទំហំនិងពេលវេលា នៃការដកទ័ពអ៊ីស្រាអែល ចេញពីហ្កាហ្សា។ ប្រភពបន្តថា អ៊ីស្រាអែលមិនសម្របសម្រួលលើការដកកងទ័ពចេញទាំងស្រុងទេ គឺដកទៅត្រឹមបន្ទាត់លឿងនៅហ្កាហ្សាប៉ុណ្ណោះ ដែលជាព្រំដែនសម្រាប់ការដកថយរបស់អ៊ីស្រាអែលដំបូង ក្រោមផែនការរបស់លោក Trump។
ប្រភពសន្តិសុខជាន់ខ្ពស់របស់អ៊ីស្រាអែលវិញនិយាយថា កិច្ចពិភាក្សាដំបូងនឹងផ្តោតតែលើការដោះលែងចំណាប់ថ្នូរប៉ុណ្ណោះ និងទុកពេលឱ្យក្រុមហាម៉ាសពីរទៅបីថ្ងៃដើម្បីបញ្ចប់ដំណាក់កាលនេះ៕
