អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទ (៦ តុលា) ថា សំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សា នាពេលថ្មីៗនេះ ដោយលោកប្រធានាធិបតីអាមេរិក Donald Trump "បង្ហាញពីឱកាសដែលត្រូវតែចាប់យក ដើម្បីនាំជម្លោះដ៏សោកនាដកម្មនេះទៅរកទីបញ្ចប់"។

ក្នុងការប្រារព្ធខួបលើកទីពីរនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប លោក Guterres បានបញ្ជាក់ជាថ្មីម្តងទៀតនូវការអំពាវនាវរបស់លោកឱ្យ "ដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ"។ លោកបាននិយាយថា "ទុក្ខវេទនាត្រូវតែបញ្ចប់។ នេះគឺជាគ្រោះមហន្តរាយមនុស្សធម៌ក្នុងកម្រិតមួយហួសពីការយល់ដឹង" ដោយជំរុញឱ្យបញ្ចប់អរិភាពនៅហ្កាហ្សា អ៊ីស្រាអែល និងតំបន់ទាំងមូល។
ការអំពាវនាវសន្តិភាពរបស់ប្រធានអង្គការសហប្រជាជាតិនេះ កើតឡើងស្របពេលដែលគណៈប្រតិភូពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់កិច្ចចរចាដោយប្រយោលលើកដំបូងរបស់ពួកគេនៅអេហ្ស៊ីប កាលពីថ្ងៃចន្ទ ស្តីពីផែនការរបស់លោក Trump ក្នុងការបញ្ឈប់សង្គ្រាមហ្កាហ្សា ប៉ុន្តែការខ្វែងគំនិតនៅតែមាន ជាមួយបញ្ហាដ៏ចម្រូងចម្រាសមួយចំនួនដូចជា ការទាមទារឱ្យអ៊ីស្រាអែល ដកកម្លាំងទ័ព និងក្រុមហាម៉ាស រំសាយអាវុធ។
ទោះបីជាកិច្ចពិភាក្សាថ្ងៃទីមួយបានបញ្ចប់ក៏ដោយ ប៉ុន្តែសំឡេងផ្ទុះយ៉ាងកក្រើកពីការវាយប្រហារតាមអាកាស ការវាយកម្ទេចផ្ទះសម្បែងក្នុងដែនដីហ្កាហ្សា និងទុក្ខវេទនារបស់ពលរដ្ឋប៉ាឡេស្ទីន មិនបានឈប់នោះទេ ដែលបង្ហាញថា អ៊ីស្រាអែលមិនផ្អាកការទម្លាក់គ្រាប់បែករបស់ខ្លួនឡើយ៕

