ក្រុមអាជ្ញាធរបាននិយាយថា ទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងតំបន់ភ្នំនៃទីក្រុង Darjeeling ភាគខាងកើតរបស់ប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ដែលនៅជិតខាងបានសម្លាប់មនុស្សជិត៨០ នាក់ បន្ទាប់ពីបានជន់លិចផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន។

នគរបាលនេប៉ាល់បាននិយាយកាលពីថ្ងៃចន្ទ៦ តុលាថា មនុស្សយ៉ាងហោចណាស់ ៦១នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដី នៅក្នុងប្រទេសតំបន់ភ្នំហិម៉ាឡៃ ។
មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយបំណាក់ដី និងទឹកជំនន់ដ៏គំហុក ដែលតែងតែកើតមាននៅក្នុងប្រទេសនេប៉ាល់ ភាគច្រើនជាតំបន់ភ្នំ ក្នុងអំឡុងរដូវខ្យល់មូសុង ដែលជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា និងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា។

ចំណែកក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌាវិញ បាននិយាយថា មនុស្សយ៉ាងហោចណាស់១៨ នាក់បានស្លាប់នៅក្នុងទីក្រុង Darjeeling ហើយមនុស្សមួយចំនួនទៀតនៅតែបាត់ខ្លួនកាលពីថ្ងៃចន្ទ ៦ តុលា ខណៈការងារសង្គ្រោះ និងការស្តារឡើងវិញកំពុងដំណើរការ ដោយព្រមានថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងថែមទៀត ស្របពេលទទួលបានព័ត៌មានលម្អិតផ្សេងៗពីតំបន់ដាច់ស្រយាលនានា។
លោក Mamata Banerjee រដ្ឋមន្ត្រីប្រចាំរដ្ឋខាងលើ បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញ សង្គម X ថា ស្ពានដែកចំនួនពីរ បានដួលរលំ ផ្លូវជាច្រើនត្រូវបានខូចខាត និងលិច ហើយផ្ទៃដីដ៏ធំ ត្រូវបានជន់លិច៕