មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា សម្ព័ន្ធភាពរបស់ទីក្រុងព្យុងយ៉ាង ជាមួយរុស្ស៊ី នឹងបន្តអភិវឌ្ឍទៅមុខទៀត នៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីអបអរសាទរថ្ងៃខួបកំណើតគម្រប់វ័យ ៧៣ឆ្នាំ របស់ប្រមុខវិមានក្រឹមឡាំងរូបនេះ ជាមួយនឹងការលើកសរសើរដល់ការដឹកនាំរបស់លោក។

លោក Kim បាននិយាយថា៖ លោកមិនមានការសង្ស័យឡើយថា ទំនាក់ទំនងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរនឹងដំណើរការទៅមុខមិនឈប់ឈរនាពេលអនាគត ដោយសារមិត្តភាពដ៏កក់ក្តៅ និងជិតស្និទ្ធបំផុតរវាងកូរ៉េខាងជើង និងរុស្ស៊ី។
នៅក្នុងលិខិតដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ (៧ តុលា) នេះបាននិយាយថា លោក Kim បញ្ចាក់ឡើងវិញនូវការគាំទ្រឥតងាករេរបស់លោកចំពោះ "ការតស៊ូ" របស់រុស្ស៊ី សម្រាប់អធិបតេយ្យភាពជាតិ ដែលជាក់ស្តែងសំដៅលើសង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយមេដឹកកូរ៉េខាងជើងរូបនេះក៏បានប្តេជ្ញាថា នឹងរក្សាភាពស្មោះត្រង់ចំពោះការអនុវត្តសន្ធិសញ្ញាដែលចុះហត្ថលេខារវាងមេដឹកនាំទាំងពីរកាលពីឆ្នាំមុន។
គួរឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Putin កំពុងប្រារព្ធខួបកំណើតវ័យ ៧៣ឆ្នាំរបស់លោកនៅថ្ងៃទី៧ ខែតុលា នេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រកាសពីរឿងនេះ ហើយការហៅទូរសព្ទពីមេដឹកនាំអន្តរជាតិជាច្រើនដើម្បីអបអរទៅកាន់លោក Putin ក៏ត្រូវបានរំពឹងទុកផងដែរ៕

