ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥” នាថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ ជាមួយឱកាសការងារចំនួនជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តការណ៍នេះ មានគោលបំណង ដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ ក៏ដូចជា បង្កើតឱ្យមានវេទិកាការងារជួបជុំគ្នានៅមួយកន្លែង ដោយងាយស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការងារនាពេលខាងមុខនេះ នឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ៣ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។ ក្នុងនោះវិស័យនាំមុខគេរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង , សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ , អចលនទ្រព្យ , សេវាកម្ម និងវិស័យឧស្សាហកម្ម និងកម្មន្តសាលជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី









