ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍នៅថ្ងៃអង្គារ (៧ តុលា) នេះថា កងទ័ពស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយនៅក្នុងស្រុកចំនួនពីរនៃទីក្រុងអាឡិបប៉ូ (Aleppo) បន្ទាប់ពីមានភាពតានតឹងខ្លាំងឡើងរវាងភាគីទាំងពីរ។

ក្រសួងការពារជាតិស៊ីរី បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពស៊ីរីបានដាក់ពង្រាយឡើងវិញនៅតាមបណ្តោយជួរមុខជាច្រើន ជាមួយក្រុមដែលដឹកនាំដោយជនជាតិឃឺដ នៅភាគឦសានស៊ីរី ដោយនិយាយថា ចំណាត់ការនេះមិនមែនជាការបង្កើនសកម្មភាពយោធាទេ ប៉ុន្តែដើម្បីទប់ស្កាត់ការវាយប្រហារដដែលៗ និងការប៉ុនប៉ងរបស់កងកម្លាំងប្រដាប់អាវុធ SDF ក្នុងការដណ្តើមយកទឹកដី។
ការប៉ះទង្គិចនាពេលថ្មីៗនេះរវាងភាគីទាំងពីរបានជះស្រមោលលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបានចុះហត្ថលេខាកាលពីខែមីនា រវាងកម្លាំង SDF ដឹកនាំដោយក្រុមឃឺដ និងរដ្ឋាភិបាលស៊ីរីថ្មីដែលដឹកនាំដោយអ៊ិស្លាមនិយម ដើម្បីធ្វើសមាហរណកម្ម SDF ទៅក្នុងស្ថាប័នរដ្ឋ។
កិច្ចព្រមព្រៀងខែមីនានោះមានគោលបំណងផ្សារភ្ជាប់ប្រទេសដែលបាក់បែកដោយសង្រ្គាមអស់ ១៤ឆ្នាំ និងត្រួសត្រាយផ្លូវសម្រាប់កងកម្លាំងដឹកនាំដោយក្រុមឃឺដ ដែលកាន់កាប់មួយភាគបួននៃប្រទេសស៊ីរី ដើម្បីរួមបញ្ចូលគ្នាជាមួយទីក្រុងដាម៉ាស និងស្ថាប័នគ្រប់គ្រងជនជាតិឃឺដក្នុងតំបន់៕

