សារព័ត៌មានរ៉យទ័របានចេញផ្សាយកាលពីថ្ងៃចន្ទ (៦ តុលា) ថា ក្រុមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប(EU) ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានថ្លែងសារយ៉ាងម៉ឺងម៉ាត់ទៅកាន់ទីក្រុងគីវថា ប្រទេសនេះមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីទទួលបានសមាជិកភាពរបស់ប្លុកអឺរ៉ុប ខណៈគ្រប់គីកំពុងប្រឹងប្រែងយកឈ្នះលើការប្រឆាំងរបស់ហុងគ្រី ចំពោះការចូលជាសមាជិករបស់អ៊ុយក្រែន។

អ៊ុយក្រែន ត្រូវការការគាំទ្រពីបណ្តាប្រទេស EU ទាំង២៧ ដើម្បីចូលជាសមាជិក ប៉ុន្តែទីក្រុងប៊ុយដាប៉ែស កំពុងរារាំងអ៊ុយក្រែន មិនឱ្យផ្លាស់ប្តូរទៅដំណាក់កាលបន្ទាប់នៃការចរចាចូលជាសមាជិក ដោយលើកឡើងពីការព្រួយបារម្ភជាច្រើន រួមទាំងសិទ្ធិភាសារបស់ជនជាតិភាគតិចហុងគ្រីនៅទីនោះ។ យ៉ាងណាក៏ដោយ ផ្លូវរបស់អ៊ុយក្រែន ទៅកាន់សមាជិកសហភាពអឺរ៉ុប នឹងនៅតែលំបាកខ្លាំង មិនថាហុងគ្រី ជំទាស់ឬក៏អត់នោះទេ។
សម្រាប់ពលរដ្ឋអ៊ុយក្រែន ការរំពឹងទុកនៃសមាជិកភាព EU នេះតំណាងឱ្យសញ្ញានៃក្តីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿង ក្នុងពេលជាងបីទសវត្សរ៍បន្ទាប់ពីទទួលបានឯករាជ្យពីសហភាពសូវៀត។ ប៉ុន្តែការប៉ុនប៉ងរបស់ទីក្រុងគីវដើម្បីដកឯករាជ្យភាពនៃអង្គភាពឃ្លាំមើលសំខាន់ៗ បានធ្វើឱ្យរដ្ឋាភិបាលអឺរ៉ុបជាច្រើនព្រួយបារម្ភ និងផ្ដោតលើបញ្ហាប្រឈមនៃកំណែទម្រង់របស់អ៊ុយក្រែន ដែលជាចំណុចតម្រូវនៃសមាជិក តាមច្បាប់ស្តង់ដារប្លុកអឺរ៉ុប។
ប្រធានគណៈកម្មការពង្រីកសហភាពអឺរ៉ុប លោកស្រី Marta Kos បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយនៅអ៊ុយក្រែនថា សហភាពអឺរ៉ុប "មិនអាចទទួលយករដ្ឋសមាជិកថ្មី ដែលមិនអនុវត្តតាមនីតិរដ្ឋ ១០០ភាគរយ បានទេ"។ មន្ត្រីអឺរ៉ុបបានផ្តល់សញ្ញាថា ប្រសិនបើអ៊ុយក្រែន ប្រកាន់ខ្ជាប់នូវកំណែទម្រង់ និងបទដ្ឋាននីតិរដ្ឋឱ្យបានពេញលេញ នោះពួកគេនឹងស្វែងរកមធ្យោបាយដើម្បីយកឈ្នះការជំទាស់របស់ហុងគ្រី និងធានាឱ្យអ៊ុយក្រែន ឈានទៅរកការចូលជាសមាជិក៕

