ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (៦ តុលា) បានប្រគល់ភារកិច្ចដ៏សំខាន់មួយដល់នាយករដ្ឋមន្ត្រីដែលបានលាលែងពីតំណែង គឺលោក Sebastien Lecornu ឱ្យធ្វើកិច្ចចរចាចុងក្រោយជាមួយគណបក្សនយោបាយផ្សេងទៀត ដើម្បីព្យាយាមរកច្រកចេញពីវិបត្តិនយោបាយរបស់ប្រទេស។

គេមិនទាន់ដឹងច្បាស់ទេថា តើកិច្ចការរបស់លោក Lecornu នឹងមានអ្វីខ្លះ ប៉ុន្តែលោក Macron បានឱ្យពេលនាយករដ្ឋមន្រ្តីដែលកំពុងចាកចេញពីតំណែងរូបនេះ ៤៨ម៉ោងដើម្បីធ្វើការ។ លោក Lecornu ក៏នឹងរៀបចំកិច្ចប្រជុំមួយជាមួយបក្សនយោបាយនៅព្រឹកថ្ងៃអង្គារនេះ។
លោក Lecornu បានដាក់លិខិតលាលែងពីតំណែង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកាសគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោក ក្លាយជារដ្ឋបាលដែលមានអាយុកាលខ្លីបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប និងធ្វើឱ្យវិបត្តិនយោបាយរបស់ប្រទេសកាន់តែស៊ីជម្រៅ។
លោក Lecornu បានសម្រេចចុះពីតំណែង ដែលទើបតែកាន់មិនដល់ ១ខែផង បន្ទាប់ពីទាំងសម្ព័ន្ធមិត្ត និងសត្រូវ បានគំរាមផ្តួលរំលំរដ្ឋាភិបាលថ្មីរបស់លោក។ គួរឱ្យដឹងថា រដ្ឋធម្មនុញ្ញរបស់បារាំង អនុញ្ញាតឱ្យលោក Macron តែងតាំងលោក Lecornu ជានាយករដ្ឋមន្ត្រីឡើងវិញ ប្រសិនបើលោកចង់ធ្វើដូច្នេះ។
បច្ចុប្បន្ន ជម្រើសរបស់លោក Macron មានតិចណាស់ ដោយលោកអាចតែងតាំងនាយករដ្ឋមន្ត្រីថ្មី ឬក៏រំលាយសភាហើយធ្វើការបោះឆ្នោតមុនអាណត្តិ ឬក៏អាចលាលែងពីតំណែងផងដែរ៕

