ល្បុក្កតោ៖ សហព័ន្ធកីឡាគុនល្បុក្កតោបានប្រកាសត្រៀមរៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នាចុងសប្ដាហ៍ក្រោយនេះហើយ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំពោះយុទ្ធនាការចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំនេះ សហព័ន្ធគ្រោងរៀបចំការប្រកួតលើវិញ្ញាសាជាច្រើន ដូចជាវិញ្ញាសាប្រភេទទម្រង់សម្ដែង រួមមានទ្វារមេគុនដៃ, ទ្វារមេគុនអាវុធឥតមុខ, ទ្វារមេគុនអាវុធមានមុខ, ទ្វារមេគុនព្រលឹងល្បុក្កតោ, ទ្វារមេគុនដៃក្រុម, សមយុទ្ធបុរស ១ទល់១, សមយុទ្ធនារី ១ទល់១។ រីឯផ្នែកប្រយុទ្ធ រួមមានផ្នែកបុរសប្រភេទទម្ងន់ ៤៨-៥០គីឡូក្រាម, ៥២-៥៤គីឡូក្រាម, ៥៦-៥៨គីឡូក្រាម និង៦៤-៦៦គីឡូក្រាម ខណៈផ្នែកនារី រួមមានប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម, ៤៨-៥០គីឡូក្រាម, ៥៣-៥៥គីឡូក្រាម និងប្រភេទទម្ងន់ ៥៨-៦០គីឡូក្រាមជាដើម។ មុនការប្រកួតក៏នឹងមានការប្រជុំបច្ចេកទេស ១ថ្ងៃមុនការប្រកួតផងដែរ។
នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលសហព័ន្ធតែងរៀបចំ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីតាមបណ្ដាក្លិប និងគ្រប់រាជធានី-ខេត្ត បានចូលរួមប្រកួត និងបង្ហាញសមត្ថភាពបន្ទាប់ពីធ្វើការហ្វឹកហាត់កន្លងមក ដើម្បីសម្រិតសម្រាំងរកកីឡាករ-កីឡាការិនីមានសមត្ថភាព និងគុណផលខ្ពស់ឆ្ពោះទៅរកការចូលរួមជាមួយក្រុមជម្រើសជាតិ និងត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ ពិសេសដំណោះឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា