អភិបាលរដ្ឋបាននិយាយថា អាកាសយានដ្ឋានរដ្ឋកាលីហ្វ័រនីញ៉ាដ៏មមាញឹកពុំមានអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសទេកាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែតុលា ខណៈផលប៉ះពាល់នៃការបិទរដ្ឋាភិបាលអាមេរិក បានផ្ទុះឡើងនៅទូទាំងប្រទេស។

អភិបាលរដ្ឋ លោក Gavin Newsom បាននិយាយថា អាកាសយានដ្ឋាន Hollywood Burbank ដែលតភ្ជាប់ទីក្រុង Los Angeles ទៅកាន់ប្រទេសទាំងមូល ត្រូវបានកំណត់ថាគ្មានបុគ្គលិកមានសមត្ថភាពនៅក្នុងប៉មគ្រប់គ្រងរយៈពេលប្រហែល៦ម៉ោង។ លោក Newsom បានសរសេរនៅលើបណ្តាញ X. ថា «អាកាសយានដ្ឋាន Burbank គ្មានអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ចាប់តាំងពីម៉ោង៤:១៥នាទីរសៀលដល់ម៉ោង១០យប់ម៉ោងក្នុងស្រុក ដោយសារតែការបិទរដ្ឋាភិបាល»។

អាជ្ញាធរអាកាសចរណ៍សហព័ន្ធ (FAA) ដែលគ្រប់គ្រងការហោះហើរនៅសហរដ្ឋអាមេរិកបាននិយាយថា ការចេញដំណើរនៅអាកាសយានដ្ឋាន ត្រូវបានពន្យារពេលប្រហែល ២ម៉ោងកន្លះ។ បុគ្គលិកបាននិយាយថា ភារកិច្ចនៅអាកាសយានដ្ឋាន Burbank នឹងត្រូវបានចាត់ចែងដោយក្រុមមួយនៅទីក្រុង San Diego ដែលនឹងនិយាយទៅកាន់អាកាសយានិកដែលចូលមក និងចេញពីអាកាសយានដ្ឋាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន អ្នកនាំពាក្យរបស់អាកាសយានដ្ឋានបាននិយាយថា «ប្រតិបត្តិការកំពុងបន្ត»។ សេចក្តីថ្លែងការណ៍បាននិយាយថា «យើងកំពុងណែនាំដល់អ្នកដំណើរឱ្យតាមដានជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ មុនពេលទៅដល់អាកាសយានដ្ឋាន ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពថ្មីៗអំពីការពន្យារពេលដែលអាចកើតមាន ឬការលុបចោល»។ ការវិវឌ្ឍន៍នេះ កើតមានឡើងខណៈការបិទរដ្ឋាភិបាលនៅទូទាំងប្រទេសបានឈានចូលដល់សប្តាហ៍ទីពីរ ដោយគណបក្សសាធារណរដ្ឋរបស់លោក Donald Trump មានការខ្វែងគមនិតគ្នាជាមួយគណបក្សប្រជាធិបតេយ្យអំពីរបៀបបង់ប្រាក់សម្រាប់មុខងារជាច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ បុគ្គលិកសហព័ន្ធភាគច្រើនត្រូវបានគេដាក់ឱ្យឈប់សម្រាក ហើយពុំត្រូវបានផ្តល់ប្រាក់ឈ្នួលឡើយអំឡុងពេលបិទរដ្ឋាភិបាល។