ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យជំងឺ និងសិស្សានុសិស្សចំនួនប្រមាណ ១,០០០នាក់ ខណៈជានិច្ចជាកាលសម្តេច ព្រមទាំងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសាធារណរដ្ឋកូរ៉េ និងក្រុមការងារ មានទាំងថ្នាំសម្រាប់ព្យាបាល រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំនេះ។ ការពិនិត្យ និងព្យាបាលជំងឺនេះ មិនមែនជាលើកទី១ ទេ អង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ធ្លាប់បានចុះទៅធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន រួចហើយដែរ ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏សំខាន់ ដោយផ្ដោតលើអាទិភាពចំនួន៥ ខណៈ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់អង្គការមជ្ឈមណ្ឌ សំលេងនៃក្តីសង្ឃឹមនាពេលនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សផងដែរ៕ អត្ថបទ៖ ជឹង សេងឡុង












