សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីលោក Joe Biden កំពុងបញ្ជូនទាហានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកប្រមាណ ៣.០០០នាក់បន្ថែមទៀតទៅកាន់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ និងទាហានចំនួន ១,០០០នាក់កំពុងផ្លាស់ប្តូរពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសរូម៉ានី ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តនៅតំបន់ភាគខាងកើតរបស់អង្គការណាតូ ក្នុងពេលមានការព្រួយបារម្ភពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីឯកសារបែកធ្លាយបានចេញផ្សាយក្នុងសារព័ត៌មានអេស្ប៉ាញដែលបាននិយាយថា សហរដ្ឋអាមេរិកអាចមានឆន្ទៈក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ី លើការដាក់ពង្រាយមីស៊ីលនៅក្នុងទ្វីបអឺរ៉ុប ប្រសិនបើទីក្រុងមូស្គូដកខ្លួនចេញពីព្រំដែនជិតប្រទេសអ៊ុយក្រែន។ ឯកសារនេះត្រូវបានបោះពុម្ពមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចោទប្រកាន់ប្រទេសលោកខាងលិចថា មិនអើពើទៅនឹងការទាមទារសន្តិសុខសំខាន់ៗរបស់រុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីដោះស្រាយវិបត្តិ។ លោក Matthew Lee អ្នកនិពន្ធផ្នែកការទូតរបស់សារព័ត៌មាន Associated Press បាននិយាយថា សហរដ្ឋអាមេរិកមានកងទ័ពជាច្រើនពាន់នាក់រួចហើយនៅក្នុងប្រទេសប៉ូឡូញ ហើយប្រទេសរូម៉ានីគឺជាអ្នទទួលសម្រាប់ប្រព័ន្ធការពារមីស៊ីលរបស់អង្គការណាតូ ដែលប្រទេសរុស្ស៊ីចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។
លោក Biden មិនបានបញ្ជូនកងទ័ពជំនួយរបស់អាមេរិកទៅកាន់ប្រទេសរដ្ឋបាល់ទិកទាំងបី នៅលើតំបន់ភាគខាងកើតរបស់អង្គការណាតូនោះទេ មានប្រទេសអេស្តូនី ឡាតវី និងលីទុយអានីដែលជាអតីតរដ្ឋសហភាពសូវៀត។ លោក Biden បាននិយាយថា លោកនឹងមិនដាក់កងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានណាមួយរបស់ប្រទេសរុស្ស៊ីឡើយ ទោះបីជាសហរដ្ឋអាមេរិកកំពុងផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារខ្លួន និងស្វែងរកការធានាឡើងវិញចំពោះសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើតថា ទីក្រុងវ៉ាស៊ីនតោននឹងបំពេញកាតព្វកិច្ចសន្ធិសញ្ញារបស់ខ្លួន ដើម្បីការពារពួកគេនៅក្នុងព្រឹត្តិការណ៍ដែលពួកគេត្រូវបានវាយប្រហារ៕
អត្ថបទ៖ ប៊ុនថន