ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និងបង្ក្រាបបទល្មើសប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល លោកអធិការរងនគរបាលខណ្ឌទាំង១៤ ទទួលការងារយុត្តិធម៌ លោកនាយផ្នែក និង ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
នាកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានណែនាំដល់ជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ក្រុមក្មេងទំនើង, បង្ក្រាបករណីសេសសល់ ពាក់ព័ន្ធក្រុមជនសង្ស័យជាមុខសញ្ញាឆក់ មុខសញ្ញាលួចឲ្យអស់ ដើម្បីធ្វើយ៉ាងណាត្រូវផ្តល់ទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា លើកឡើងបន្តថា បច្ចុប្បន្ននេះសមត្ថកិច្ចទាំងអស់បានខិតខំណាស់ ដើម្បីបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ មិនថា ពេលយប់ ឬ ពេលថ្ងៃនោះឡើយ ប៉ុន្តែបទល្មើសមួយចំនួនចេះតែមានកើតឡើង ទោះបីយ៉ាងណាក្តី សមត្ថកិច្ចចំណុះរាជធានីភ្នំពេញនឹងប្រឹងប្រែងបន្តទៀតក្នុងការពួនស្ទាក់ បង្ការ ទប់ស្កាត់បង្ក្រាបរាល់បទល្មើសទាំងអស់ ដើម្បីសន្តិសុខប្រជាពលរដ្ឋ និងសង្គម៕ តារាវុទ្ធី






