ធនាគារពិភពលោក (WB) នៅថ្ងៃអង្គារ (៧ តុលា) នេះបាននិយាយថា ពន្ធដ៏ខ្ពស់លើទំនិញឥណ្ឌា ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក នឹងអូសទម្លាក់អត្រាកំណើនរបស់អាស៊ីខាងត្បូង នៅឆ្នាំ២០២៦ ទោះបីជាឆ្នាំបច្ចុប្បន្ននៅតែទទួលបានការការពារ ដោយការចំណាយរបស់រដ្ឋាភិបាលក៏ដោយ។

ធនាគារពិភពលោក បាននិយាយថា កំណើនក្នុងតំបន់អាស៊ីខាងត្បូង ត្រូវរំពឹងថានឹងធ្លាក់ចុះខ្លាំងមកត្រឹម ៥,៨% ក្នុងឆ្នាំ២០២៦ ពីអត្រាព្យាករ ៦,៦% សម្រាប់ឆ្នាំ២០២៥នេះ។ គួរបញ្ចាក់ថា តំបន់អាស៊ីខាងត្បូងរួមមាន ឥណ្ឌា បង់ក្លាដែស ស្រីលង្កា នេប៉ាល់ ប៊ូតង់ និងម៉ាល់ឌីវ។
នៅក្នុងរបាយការណ៍របស់ខ្លួន ធនាគារពិភពលោកបាននិយាយថា "សម្រាប់ឆ្នាំ២០២៦ ការព្យាករត្រូវបានបន្ទាប ដោយសារឥទ្ធិពលប៉ះពាល់មួយចំនួន ហើយដោយសារ ឥណ្ឌានៅតែបន្តរងពន្ធខ្ពស់ជាងការរំពឹងទុក លើការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក"។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធ ៥០% លើការនាំចេញភាគច្រើនពីឥណ្ឌា ដែលជាអត្រាខ្ពស់បំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។ ពន្ធនេះប៉ះពាល់ដល់ការនាំចេញរបស់ឥណ្ឌា ប្រហែល ៥០ពាន់លានដុល្លារ ទៅកាន់អាមេរិក ភាគច្រើនប៉ះពាល់ដល់វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជា វាយនភ័ណ្ឌ គ្រឿងអលង្ការ និងឧស្សាហកម្មមួយចំនួនទៀត៕

