សហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតី Donald Trump បានផ្តល់ជំនួយយោធាយ៉ាងតិច ២១,៧ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សាកាលពី ២ឆ្នាំមុនមក នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយចេញផ្សាយនៅថ្ងៃអង្គារ ទី៧ ខែតុលានេះ ដែលក៏ជាខួបលើកទីពីរនៃការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល នៅថ្ងៃទី៧ តុលា ឆ្នាំ២០២៣ កន្លងទៅ។

ការសិក្សាមួយទៀត - ដែលក៏ត្រូវបោះពុម្ពផ្សាយដោយគម្រោង "ការចំណាយនៃសង្គ្រាម" ពីស្ថាប័នកិច្ចការអន្តរជាតិ និងសាធារណៈរបស់ សាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក - បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានចំណាយប្រហែល ១០ពាន់លានដុល្លារ បន្ថែមទៀតលើជំនួយសន្តិសុខ និងប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ាដ៏ទូលំទូលាយក្នុងពេលពីរឆ្នាំចុងក្រោយនេះ។
ក្រសួងការបរទេសអាមេរិក មិនបានអត្ថាធិប្បាយភ្លាមៗពីចំនួនជំនួយយោធាដែលផ្តល់ឱ្យអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មកនោះទេ ចំណែកសេតវិមានវិញបានបញ្ជូនសំណួរទៅឱ្យមន្ទីរបញ្ចកោណ ដែលគ្រប់គ្រងតែផ្នែកមួយប៉ុណ្ណោះនៃជំនួយ។
របាយការណ៍ដែលរិះគន់អ៊ីស្រាអែលខ្លាំងៗនេះ បាននិយាយថា បើគ្មានជំនួយពីអាមេរិកទេ អ៊ីស្រាអែលនឹងមិនអាចទ្រទ្រង់យុទ្ធនាការផ្ដោតរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅហ្កាហ្សាបានឡើយ។ របាយការណ៍កត់សម្គាល់ថា ទឹកប្រាក់រាប់សិបពាន់លានដុល្លារទៀតក្នុងការផ្តល់មូលនិធិនាពេលអនាគតសម្រាប់អ៊ីស្រាអែល ត្រូវបានព្យាករទុក នៅក្រោមកិច្ចព្រមព្រៀងទ្វេភាគីផ្សេងៗ៕

