ប្រដាល់សកល៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡប្រដាល់សកលកម្រិតថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយដំណើរការសិក្សា ៣ថ្ងៃពេញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈសិក្ខាកាមដែលជាគ្រូបង្វឹកតាមបណ្ដាក្លិបបានសម្ដែងនូវសេចក្ដីរីករាយ បន្ទាប់ពីបានសិក្សា និងទទួលបានចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសជនជាតិអង់គ្លេសលោក Russell stutely។

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមវត្តមានលោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។ លោក ឡុង វិបុល សិក្ខាកាមម្នាក់ក្នុងចំណោម ២០នាក់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ បានសម្ដែងការសប្បាយចិត្តដែលសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ពិសេសការអញ្ជើញគ្រូកម្រិតអាជីពលោក Russell stutely មកបង្រៀន ដែលនាំឲ្យសិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបច្ចេកទេសល្អៗជាច្រើន សម្រាប់ធ្វើជាដើមទុនក្នុងការបង្ហាត់កីឡាករ-កីឡាការិនីឲ្យកាន់តែរីកចម្រើន។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិនេះ គឺជាវគ្គដ៏មានសារៈសំខាន់ដើម្បីដុះខាតសមត្ថភាពគ្រូបង្វឹកប្រដាល់សកលកម្ពុជា តាមរយៈការដកស្រង់បទពិសោធន៍ និងចំណេះដឹងផ្ទាល់ជាមួយលោក Russell Stutely។ លោករំពឹងថា តាមរយៈសមិទ្ធផលថ្មីនេះ គ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងពីការសិក្សានេះ ទៅបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីឲ្យមានគុណភាពកាន់តែខ្ពស់ ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមសរុប ២០នាក់ដែលជាគ្រូបង្វឹកមកពីតាមបណ្តាក្លិប និងរាជធានី-ខេត្តមួយចំនួន ដោយផ្ដោតការសិក្សាលើផ្នែកបច្ចេកទេសសំខាន់ៗនៃការបង្ហាត់ ដូចជាបទបញ្ជា និងបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល និងតួនាទីរបស់គ្រូបង្វឹកជាដើម។ ចំពោះលទ្ធផលនៃការសិក្សារយៈពេល ៣ថ្ងៃ សិក្ខាកាម ៧នាក់បានទទួលនិទ្ទេសល្អ និង ១៣នាក់ទទួលបាននិទ្ទេសល្អបង្គួរ។ ក្រោយបញ្ចប់ការសិក្សារយៈពេល ៣ថ្ងៃ លោក Russell Stutely បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងផុលផុសរបស់សិក្ខាកាម ក្នុងការស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់ និងការប្រកួតថ្មីៗ។ តាមរយៈនេះលោករំពឹងថា សិក្ខាកាមទាំងអស់នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីសម្រួចគោលដៅរួមគឺការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឲ្យឈានដល់សមត្ថភាពកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ ឲ្យខានតែបាន៕
អត្ថបទ៖ លី ឈុនឡា