នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើង នៅសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតដោយមេដឹកនាំចិន ចាប់តាំងពីឆ្នាំ២០១៩មក។

ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារ (៧ តុលា) នេះថា លោក Li នឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទីក្រុងប៉េកាំង បានហៅចិននិងកូរ៉េខាងជើង ថាជា "មិត្តជាប្រពៃណី និងអ្នកជិតខាង" ហើយបាននិយាយថា "គោលនយោបាយយុទ្ធសាស្ត្រមិនផ្លាស់ប្តូរ" របស់រដ្ឋាភិបាលចិន និងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច គឺត្រូវ "រក្សា បង្រួបបង្រួម និងអភិវឌ្ឍ" ទំនាក់ទំនងជាមួយកូរ៉េខាងជើង។
ចិន ជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត និងជាប្រភពនៃការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េខាងជើងជាយូរមកហើយ ខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានព្យាយាមកសាងទំនាក់ទំនងឱ្យមានតុល្យភាពជាមួយរុស្ស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការបញ្ជូនទ័ពទៅជួយទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង បាននិយាយថា រុស្ស៊ីនឹងបញ្ជូនអតីតប្រធានាធិបតីរបស់ខ្លួនគឺលោក Dmitri Medvedev ទៅចូលរួមព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះ៕

