ក្រុមអ្នកស្ម័គ្រចិត្តបានរាយការណ៍ថា ជនស៊ីវិលយ៉ាងហោចណាស់១៣នាក់បានស្លាប់ និង១៩នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃចន្ទ នៅពេលដែលកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានកំណត់គោលដៅលើតំបន់លំនៅឋានក្នុងទីក្រុង El Fasher រដ្ឋធានី North Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយការបាញ់ផ្លោងកាំភ្លើងធំ។

ក្រុមវេជ្ជបណ្ឌិតស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្លាប់និងរបួសរួមមានកុមារ៧ នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ ហើយសាកសពនិងអ្នករងរបួសជាច្រើននាក់ទៀត បានជាប់នៅក្នុងតំបន់រងផលប៉ះពាល់ដោយមិនដឹងពីចំនួនពិតប្រាកដ។ សេចក្តីថ្លែងការណ៍បានថ្កោលទោសការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មសង្គ្រាមពេញលេញ»។

ប្រភពពីផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Saudi Hospital ទីក្រុង El Fasher បាននិយាយថា មន្ទីរពេទ្យបានទទួល «សាកសពយ៉ាងហោចណាស់១២នាក់ និងមនុស្សរងរបួសប្រហែល២០នាក់» ក្នុងពេលមានការកង្វះបុគ្គលិកពេទ្យ និងការផ្គត់ផ្គង់ខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានព្រមានថា ជនស៊ីវិលជាងមួយលាននាក់នៅតែជាប់ក្នុងទីក្រុងដោយគ្មានការការពារ ច្រករបៀងសុវត្ថិភាព ឬអន្តរាគមន៍ពីអន្តរជាតិ។ ខណៈកងកម្លាំងគាំទ្ររហ័ស (RSF) បានអះអាងកាលពីថ្ងៃចន្ទពីការគ្រប់គ្រងទីតាំងយោធាសំខាន់ៗនៅ ទីក្រុង El Fasher រួមទាំងទីស្នាក់ការកណ្តាលផ្នែកវេជ្ជសាស្រ្តរបស់កងពលថ្មើរជើងទី៦ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)ជាកងកម្លាំងចម្រុះ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបដិសេធការដណ្តើមបានរបស់កងកម្លាំងគាំទ្ររហ័ស(RSF)ណាមួយ ដោយនិយាយថាពួកគេបានវាយរុញច្រានការវាយលុករបស់កងកម្លាំងRSF ក្នុងទីក្រុង El Fasher និងបានកម្ទេចអ្នកប្រយុទ្ធរបស់កងកម្លាំងនេះក្នុងចំនួនយ៉ាងច្រើន។