ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមជួបគ្នាដោយផ្ទាល់ ពោលគឺភ្លាមៗបន្ទាប់ពីមានការជជែកតាមរយៈជាវីដេអូខលប្រកបដោយភាពរាក់ទាក់ កាលពីថ្ងៃចន្ទ (ទី៦ ខែតុលា) ដោយជំរុញឲ្យមានការរំពឹងទុកពីការផ្សះផ្សាទំនាក់ទំនងទ្វេភាគី ដែលស្ថិតក្នុងស្ថានភាពអាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ក្នុងអំឡុងពេលសន្ទនារយៈពេល ៣០នាទីរបស់មេដឹកនាំទាំង២ ការិយាល័យរបស់ប្រធានាធិបតីប្រេស៊ីល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lula និងលោក Trump បានពិភាក្សា អំពីចំណាប់អារម្មណ៍វិជ្ជមានរបស់ពួកលោក ចំពោះការជួបគ្នាដ៏ខ្លី នៅអង្គការសហប្រជាជាតិ (UN) កាលពីខែមុន ហើយបានផ្ដល់លេខទូរសព្ទរឲ្យគ្នា ដើម្បីធ្វើទំនាក់ទំនងដោយផ្ទាល់។
ចំណែកលោក Trump បានរៀបរាប់នៅលើបណ្ដាញសង្គមថា ការជែកគ្នានោះ គឺ «ល្អណាស់» ដោយផ្តោត លើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំង២។ លោកបានសរសេរថា៖ «យើងនឹងមានការពិភាក្សាបន្ថែមទៀត ហើយនឹងជួបគ្នា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ទាំងនៅក្នុងប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក»។
ការិយាល័យរបស់លោក Lula បានឲ្យដឹងបន្ថែមថា មេដឹកនាំប្រេស៊ីលបានស្នើឲ្យមានកិច្ចប្រជុំមួយ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅប្រទេសម៉ាឡេស៊ី ក្នុងខែនេះ ហើយបានបង្ហាញពីឆន្ទៈរបស់លោក ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មេដឹកនាំទាំង២ មានជម្លោះជាមួយគ្នាជាច្រើនខែមកហើយ ជុំវិញការកាត់ក្តី និងការកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro។ ហើយលោក Trump បានដំឡើងពន្ធលើទំនិញប្រេស៊ីលជាច្រើនពីកម្រិត ១០ភាគរយ ទៅ ៥០ភាគរយ៕