បើយោងតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី៦ ខែតុលា) ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានលុបចោលកិច្ចប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងការទូតជាមួយប្រទេសវ៉េណេស៊ុយអេឡា ហើយបានប្រាប់បេសកជនពិសេសរបស់លោក គឺលោក Richard Grenell ឲ្យបញ្ឈប់សកម្មភាពទាំងអស់។
ព័ត៌មានដែលត្រូវបានរាយការណ៍ដំបូងគេដោយសារព័ត៌មាន The New York Times កើតមានឡើងបន្ទាប់ពីមានការវាយប្រហារយោធាជាបន្តបន្ទាប់លើនាវាដឹកគ្រឿងញៀន នៅជិតប្រទេសវ៉េណេស៊ុយអេឡា។ លោក Trump បានប្រាប់សភាថា សហរដ្ឋអាមេរិកបានចូលរួមក្នុង «ជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ» ជាមួយក្រុមជួញដូរគ្រឿងញៀន។

ទោះបីជាលោកត្រូវបានរាយការណ៍ថា កំពុងពិចារណាដល់ការវាយប្រហារនៅក្នុងប្រទេសអាមេរិកខាងត្បូងក៏ដោយ ក៏មន្ត្រីរបស់អាមេរិកបានប្រាប់សារព័ត៌មាន Reuters ថា លោកប្រធានាធិបតីមិនទាន់បានកំណត់ថា តើត្រូវជំរុញយុទ្ធនាការយោធារបស់លោកទៅកាន់ដំណាក់កាលទី២ ដែរ ឬយ៉ាងណានោះទេ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មេដឹកនាំអាមេរិក បានផ្ញើសារទៅកាន់លោក Grenell ក្នុងអំឡុងពេលមានកិច្ចប្រជុំមួយ កាលពីថ្ងៃទី២ ខែតុលា នៅក្នុងការិយាល័យ Oval ជាមួយមេដឹកនាំយោធាជាន់ខ្ពស់។
កាលពីថ្ងៃទី៥ ខែតុលា លោក Trump បានប្រាប់សមាជិកទីភ្នាក់ងារថា ការវាយប្រហាររបស់អាមេរិកលើនាវានៅឆ្នេរវ៉េណេស៊ុយអេឡា បានបញ្ឈប់លំហូរនៃគ្រឿងញៀនតាមសមុទ្រ ហើយឥឡូវនេះ សហរដ្ឋអាមេរិកនឹង «ត្រូវចាប់ផ្តើមពិចារណាប្រតិបត្តិការផ្លូវគោក»។ សេតវិមានមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនោះឡើយ ពាក់ព័ន្ធនឹងករណីនេះ៕
