ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតជ្រើសរើសអតីតរដ្ឋមន្ត្រីទេសចរណ៍ និងវត្ថុបុរាណរបស់អេហ្ស៊ីប លោក Khaled El-Enany ជាប្រធានថ្មី កាលពីថ្ងៃចន្ទ (ទី៦ ខែតុលា) ដោយប្រគល់ឲ្យលោកនូវតួនាទីដ៏សំខាន់ ដើម្បីស្តារជោគវាសនារបស់អង្គការយូណេស្កូ (UNESCO) ឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីស្ថាប័នជាលើកទី២។
លោក El-Enany វ័យ ៥៤ឆ្នាំ បានឈរឈ្មោះទល់នឹង លោក Édouard Firmin Matoko វ័យ ៦៩ឆ្នាំរបស់សាធារណរដ្ឋកុងហ្គោ ប៉ុន្តែត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងឈ្នះការបោះឆ្នោតសម្ងាត់ សម្រាប់អាណត្តិរយៈពេល ៤ឆ្នាំ ដោយបានចាប់ផ្តើមយុទ្ធនាការរបស់លោក កាលពីដើមខែមេសា ឆ្នាំ២០២៣។ ចាប់តាំងពីពេលនោះមក លោកបានទទួលបានការគាំទ្រក្នុងតំបន់យ៉ាងខ្លាំង និងបង្កើតបានសម្ព័ន្ធភាពអន្តរជាតិយ៉ាងរឹងមាំ។
ក្រុមប្រឹក្សាភិបាលរបស់អង្គការយូណេស្កូ ដែលតំណាងឲ្យ ៥៨សំឡេងនៃរដ្ឋសមាជិក ១៩៤ របស់ទីភ្នាក់ងារនេះ បានបោះឆ្នោតជ្រើសរើសរូបលោក ជាមួយនឹងការគាំទ្រ ៥៥សំឡេង។ លោក Matoko ទទួលបានសំឡេងឆ្នោត ២សំឡេង។ សហរដ្ឋអាមេរិកមិនបានបោះឆ្នោតនោះទេ។ ការជ្រើសរើសនេះ នឹងត្រូវដាក់ជូនទៅសមាជិកអង្គការយូណេស្កូ ដើម្បីផ្ដល់ការអនុម័ត នៅថ្ងៃទី៦ ខែវិច្ឆិកា៕