បាល់ទាត់៖ ក្រុមសេណេហ្កាល់បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រហើយ នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោយយកឈ្នះបូគីណាហ្កាសូ ៣-១។ មុនមានគ្រាប់បាល់ VAR ត្រូវបានឆែកពីរដងពីលទ្ធភាពដែលអាចមានបាល់ពិន័យ ១១ម៉ែត្រតែអាជ្ញាកណ្តាលសម្រេចមិនឲ្យ ជាពិសេសនៅចំនុចដែលអ្នកចាំទីបូគីណាហ្វាសូ Herve Koffi របួស។

អ្វីត្រូវរង់ចាំដល់ ២០នាទីចុងក្រោយទើបគ្រាប់បញ្ចូលទីកើតឡើងដោយ Abdou Diallo បើកការនាំមុខនៅនាទីទី៧០ មុនពេលដែល Idrissa Gueye បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៦។ បូគីណាហ្វាសូក្រោយមកក៏តាមបានមួយគ្រាប់វិញនៅនាទីទី៨២ ដោយ Blati Traore ទំនងជាក្តីសង្ឃឹមសំរាប់បូគីណាហ្វាសូក្នុងការតាមស្មើ តែបាល់វាយបករបស់សេណេហ្កាល់ធ្វើឲ្យ Sadio Mane គឺជាអ្នកស៊ុតសំរេចគ្រាប់ធានាជ័យជំនះឱ្យសេណេហ្កាល់យកឈ្នះ ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ។

នេះជាគ្រាប់ទី២៩ ហើយសំរាប់ខ្សែប្រយុទ្ធ Liverpool, Sadio Mane ជាមួយក្រុមជំរើសជាតិសេណេហ្កាល់តាមស្មើជាមួយ Henri Camara ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជំរើសជាតិសេណេហ្កាល់។ សេណេហ្កាល់ដែលជាក្រុមជើងឯករងនៅឆ្នាំ២០១៩ នោះនឹងសាកល្បងម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការដណ្តើមជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិកជាលើកដំបូង ដោយនឹងត្រូវជួបជាមួយអ្នកឈ្នះរវាងម្ចាស់ផ្ទះកាមេរូន រឺអេហ្ស៊ីបដែលជួបគ្នារាត្រីនេះ។ ចំណែកបូគីណាហ្វាសូនឹងត្រូវលេងដណ្តើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ