អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) លោក Stephane Dujarric កាលពីថ្ងៃចន្ទ (ទី៦ ខែតុលា) បានប្រាប់ឲ្យដឹងថា បុគ្គលិក UN ចំនួន ៩នាក់ទៀត ត្រូវបានឃុំខ្លួនដោយអាជ្ញាធរក្រុមហ៊ួទី នៅប្រទេសយេម៉ែន ដែលនាំឲ្យចំនួនបុគ្គលិករបស់ស្ថាប័នអន្តរជាតិដ៏ធំនេះត្រូវឃុំខ្លួនដោយបំពាន មានដល់ ៥៣នាក់ហើយ គិតចាប់តាំងពីឆ្នាំ២០២១ មក។
លោក Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកអគ្គលេខាធិការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តឃុំខ្លួនដោយបំពាននូវបុគ្គលិក និងដៃគូរបស់ខ្លួន ក៏ដូចជាការរឹបអូសដោយខុសច្បាប់នូវទីតាំង និងទ្រព្យសម្បត្តិរបស់ UN នៅក្នុងតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទី»។ តែយ៉ាងណាក្ដី លោក Dujarric មិនបានបញ្ជាក់លម្អិត អំពីពេលវេលា ឬកាលៈទេសៈនៃការឃុំខ្លួនចុងក្រោយនេះទេ។

ក្រុមដែលមានសម្ព័ន្ធមភាពជាមួយអ៊ីរ៉ង់មួយនេះ បានឆ្មក់ចូលបរិវេណអគាររបស់ UN ក្នុងទីក្រុងសាណា កាលពីខែសីហា ហើយបានឃុំខ្លួនបុគ្គលិក UN យ៉ាងហោចណាស់ ១៨នាក់ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល ជាហេតុការណ៍ដែលបានសម្លាប់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហ៊ួទី និងរដ្ឋមន្ត្រីមួយចំនួនផ្សេងទៀត។
មន្ត្រីរបស់ក្រុមហ៊ួទី បានឲ្យដឹងថា អភ័យឯកសិទ្ធិផ្លូវច្បាប់របស់បុគ្គលិក UN មិនគួរការពារសកម្មភាពចារកម្ម ដោយចោទប្រកាន់អង្គការនេះថា មានភាពលម្អៀង ចំពោះការថ្កោលទោសនូវអ្វីដែលក្រុមនេះហៅថា «វិធានការផ្លូវច្បាប់ប្រឆាំងនឹងបណ្ដាញចារកម្ម» ខណៈពេលដែលមិនបានថ្កោលទោលការវាយប្រហាររបស់អ៊ីស្រាអែល៕

