ក្រុមអ្នកការទូតសហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្តាប្រទេស EU កំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់សេរីភាពធ្វើដំណើររបស់អ្នកការទូតរុស្ស៊ី នៅក្នុងប្លុកនេះ ប៉ុន្តែមិនទាន់មានការព្រមព្រៀងផ្លូវការណាមួយ ត្រូវបានសម្រេចឡើងនៅឡើយទេ។
វិធានការដែលស្នើឡើងដោយសេវាការទូតរបស់ប្លុកនេះ នឹងតម្រូវឲ្យអ្នកការទូតរុស្ស៊ីដែលនៅក្នុងរដ្ឋសមាជិក EU ត្រូវជូនដំណឹងដល់រដ្ឋសមាជិកផ្សេងទៀត ប្រសិនបើពួកគេចង់ធ្វើដំណើរទៅទីនោះ។ នោះនឹងផ្តល់ឲ្យរដ្ឋាភិបាលនូវជម្រើស ក្នុងការរារាំងពួកគេមិនឲ្យចូលដែនដីរបស់ខ្លួន។

ក្រុមអ្នកការទូតបានប្រាប់ថា សំណើនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ប៉ុន្តែវានឹងច្បាស់លាស់ រហូតទាល់តែកិច្ចព្រមព្រៀងមួយ អាចសម្រេចបាន នៅពេលដែលឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិកប្រចាំ EU ជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទាក់ទងនឹងកិច្ចពិភាក្សាសម្ងាត់នេះ អ្នកការទូត EU ម្នាក់ បានបញ្ជាក់ថា៖ «អ្វីៗដំណើរការបានល្អ។ ប៉ុន្តែវាមិនទាន់ជាកិច្ចព្រមព្រៀងនៅឡើយទេ»។
ទីភ្នាក់ងារទទួលបន្ទុកសកម្មភាពខាងក្រៅរបស់ EU កាលពីខែមុន បានបន្ថែមការរឹតបន្តឹងដែលត្រូវបានស្នើឡើង នៅក្នុងកញ្ចប់ទណ្ឌកម្មទី១៩ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន៕
