វិមានក្រឹមឡាំងកំពុងរង់ចាំភាពច្បាស់លាស់ពីសហរដ្ឋអាមេរិក ទាក់ទងនឹងលទ្ធភាពនៃការផ្គត់ផ្គង់នូវមីស៊ីល Tomahawk ឲ្យដល់អ៊ុយក្រែន ដោយទីក្រុងមូស្គូចាត់ទុកចំណាត់ការបែបនេះថា ជាការធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរ។
នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អាវុធទាំងនេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផ្អែកតាមទ្រឹស្តី ដែលធ្វើឲ្យរុស្ស៊ីកាន់តែមានការព្រួយបារម្ភ អំពីលទ្ធភាពនៃការផ្ទេរពួកវាទៅកាន់ទីក្រុងគីវ។

ការលើកឡើងនេះកើតមានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញនូវការប្រុងប្រយ័ត្ន កាលពីថ្ងៃចន្ទ អំពីការផ្តល់មីស៊ីល Tomahawk ដល់អ៊ុយក្រែន។ លោក Trump បានបញ្ជាក់ថា លោកនឹងត្រូវការដឹង អំពីគោលបំណងប្រើប្រាស់អាវុធរបស់អ៊ុយក្រែន មុនពេលអនុម័តការផ្ទេរណាមួយ ជាពិសេសដោយលើកឡើងពីការរារែករបស់លោក ក្នុងការបង្កើនសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។
លោក Trump បាននិយាយថា៖ «ខ្ញុំចង់ដឹងពីអ្វីដែលអ៊ុយក្រែនគ្រោងនឹងធ្វើជាមួយមីស៊ីល Tomahawk មុនពេលយល់ព្រមផ្តល់ពួកវា ពីព្រោះខ្ញុំមិនចង់ធ្វើឲ្យសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនកើនឡើងកាន់តែខ្លាំងនោះឡើយ»៕
