នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលរបស់លោក បានអនុម័តកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរបន្ថែម។
លោក Fico បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងអំឡុងពេលផ្ដល់សុន្ទរកថា នៅឯសន្និសីទនុយក្លេអ៊ែរប្រចាំឆ្នាំ ក្នុងរដ្ឋធានីរបស់ស្លូវ៉ាគី។ លោកបាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រថ្មីនេះ នឹងត្រូវបានសាងសង់ នៅរោងចក្រនុយក្លេអ៊ែរដែលមានស្រាប់ ក្នុងតំបន់ Jaslovské Bohunice នៅភាគខាងលិចស្លូវ៉ាគី នឹងមានថាមពលលើសពី ១.០០០មេហ្គាវ៉ាត់ និងជាគ្រប់គ្រងដោយរដ្ឋទាំងស្រុង។

តែយ៉ាងណាក្ដី គេមិនទាន់ច្បាស់នោះទេថា តើពេលណារដ្ឋាភិបាលទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ហើយលោក Fico ក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ ប៉ុន្តែរដ្ឋាភិបាលរបស់លោកបានអនុម័តផែនការកាលពីឆ្នាំមុន ដើម្បីសាងម៉ាស៊ីនរ៉េអាក់ត័រផលិតថាមពលនុយក្លេអ៊ែរ ១.២០០មេហ្គាវ៉ាត់ នៅកន្លែងដែលក្រុមហ៊ុនថាមពលដ៏ធំ Slovenské Elektrárně បច្ចុប្បន្នដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២។ ការចំណាយនៃគម្រោងនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងដល់ ១៥ពាន់លានអឺរ៉ូ (១៧,៥ពាន់លានដុល្លារ)។
ស្លូវ៉ាគីពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនុយក្លេអ៊ែរ ហើយបច្ចុប្បន្ន ផលិតបានជាង ៨០ភាគរយនៃថាមពលរបស់ខ្លួន នៅរោងចក្រនុយក្លេអ៊ែរចំនួន២៕
