ប្រភពសន្តិសុខមួយ នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អភិបាលក្រុងដែលទើបជាប់ឆ្នោតថ្មីៗ ត្រូវបានប្រទះឃើញរងរបួស នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ដោយមានស្នាមរបួសដោយចាក់ជាច្រើនកន្លែង ហើយជីវិតរបស់លោកស្រីកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។
សារព័ត៌មាន Bild បានរាយការណ៍ថា លោកស្រី Iris Stalzer ជាសមាជិករបស់គណបក្សប្រជាធិបតេយ្យសង្គម (Social Democrat) ដែលគ្រោងចូលកាន់តំណែង បន្ទាប់ពីបានជាប់ឆ្នោតជាអភិបាលក្រុង Herdecke ក្នុងតំបន់ Ruhr មួយសប្តាហ៍មុន ត្រូវបានកូនប្រុសរបស់លោកស្រីរកឃើញ។
ករណីនេះបានធ្វើឲ្យនឹកឃើញឡើងវិញនូវអំពើឃាតកម្មឆ្នាំ២០១៩ លើប្រធានរដ្ឋបាលមូលដ្ឋានរបស់ក្រុមអភិរក្សនិយម លោក Walter Luebcke ជាអ្នកគាំទ្រលើគោលនយោបាយជនភៀសខ្លួនរបស់អធិការបតីនាពេលនោះ គឺលោកស្រី Angela Merkel ដោយរូបលោកត្រូវបានបាញ់សម្លាប់ដោយសកម្មជនស្តាំនិយមជ្រុលម្នាក់ ខណៈដែលលោកបានជក់បារីនៅលើដំបូលផ្ទះរបស់លោក នាពេលយប់។
ទាក់ទងនឹងហេតុការណ៍ចាក់លោកស្រី Stalzer ទាំងអាជ្ញាធរមូលដ្ឋាន និងតំបន់ មិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗនោះឡើយ៕