ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin )បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកផ្ទៃដីជិត ៥.០០០ គីឡូម៉ែត្រក្រឡា នៅប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២៥នេះ ហើយថាទីក្រុងមូស្គូ បានរក្សាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រពេញលេញនៅលើសមរភូមិ។

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាមួយក្រុមមេបញ្ជាការយោធាកំពូលរបស់រុស្ស៊ី លោក Putin បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងដកថយក្នុងគ្រប់វិស័យនៃតំបន់សមរភូមិមុខ។ លោកបាននិយាយថា ទីក្រុង Kyiv កំពុងព្យាយាមវាយលុកយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែវានឹងមិនជួយអ្វីក្នុងការផ្លាស់ប្តូរស្ថានភាពនៅក្នុងសង្រ្គាមជាង៣ឆ្នាំកន្លះនេះបានទេ។
លោក បានប្រាប់កិច្ចប្រជុំនៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ីថា នៅពេលនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កាន់កាប់ទាំងស្រុងនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ។
លោកថា ឆ្នាំនេះ ពួកលោកបានរំដោះទឹកដីជិត៥ .០០០ គីឡូម៉ែត្រក្រឡា និងមូលដ្ឋានចំនួន២១២ ។
លោកបាននិយាយទៀតថា កងកម្លាំងអ៊ុយក្រែន កំពុងដកថយនៅទូទាំងខ្សែទំនាក់ទំនងប្រយុទ្ធ ទោះបីជាមានការព្យាយាមតស៊ូយ៉ាងខ្លាំងក្លាក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ បានរាយការណ៍ពីការដណ្ដើមបានភូមិចំនួនពីរបន្ថែមទៀតនៅតាមបណ្តោយផ្នែកសមរភូមិមុខ ដែលមេបញ្ជាការកំពូលរបស់អ៊ុយក្រែននិយាយថាឥឡូវនេះលាតសន្ធឹងជាង១.២៥០ គីឡូម៉ែត្រ៕

