ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មជុំវិញពិភពលោក កាលពីថ្ងៃអង្គារ (៧ តុលា) ប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ខណៈពិធីរំលឹកវិញ្ញាណក្ខន្ធ និងព្រឹត្តិការណ៍ផ្សេងទៀតក៏ត្រូវបានធ្វើឡើង ដើម្បីរំលឹកដល់ជនរងគ្រោះរបស់អ៊ីស្រាអែល នៅថ្ងៃខួបលើកទីពីរនៃការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមហ្កាហ្សាមកទល់សព្វថ្ងៃ។

ស្របពេលដែលកិច្ចចរចាដោយប្រយោលធ្វើឡើងនៅអេហ្ស៊ីប លើសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា ការតវ៉ាគាំទ្រប៉ាឡេស្ទីនក៏បានកើតមាននៅទីក្រុងស៊ីដនី អ៊ីស្តង់ប៊ុល ឡុងដ្រ៍ និងវ៉ាស៊ីនតោន ព្រមទាំងនៅទីក្រុងញូវយ៉ក ប៉ារីស ហ្សឺណែវ អាថែន និងស្តុកខុម ផងដែរ។
ក្រុមបាតុករបានសម្ដែងការប្រឆាំងនឹងវិបត្តិមនុស្សធម៌ ទុក្ខវេទនា និងការបង្ហូរឈាមឥតឈប់ឈរនៅហ្កាហ្សា ខណៈអ្នកនយោបាយបានជំរុញឱ្យក្រុមបាតុករគាំទ្រប៉ាឡេស្ទីន កុំប្រែកំហឹងរបស់ពួកគេទៅជាការលើកតម្កើងអំពើហិង្សារបស់ក្រុមហាម៉ាសឱ្យសោះ។
រលកនៃបាតុកម្មនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃអារម្មណ៍ពិភពលោក ជុំវិញសង្រ្គាមរយៈពេលពីរឆ្នាំមកនេះ ដោយប្រែពីការអាណិតអាសូរជាសកលសម្រាប់អ៊ីស្រាអែល ទៅជាការផ្ទុះកំហឹងយ៉ាងទូលំទូលាយជុំវិញការវាយលុកយោធារបស់ខ្លួនលើដែនដីហ្កាហ្សា ដែលបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ៊ុមព័ទ្ធនេះ បង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងបណ្តាលឱ្យមានភាពអត់ឃ្លានយ៉ាងរីករាលដាល៕


