អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី៧ ខែតុលា) បានច្រានចោលការព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញកម្មវិធីមីស៊ីលរបស់ប្រទេសនេះថាជាការនិយាយប្រឌិត បន្ទាប់ពីលោកបានចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមថាកំពុងផលិតរ៉ុក្កែតដែលមានសមត្ថភាពបាញ់ទៅដល់ទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍មួយ លោក Netanyahu បាននិយាយថា «ប្រទេសអ៊ីរ៉ង់ កំពុងអភិវឌ្ឍនៅពេលបច្ចុប្បន្ននេះនូវមីស៊ីលបាលីស្ទីកអន្តរទ្វីបក្នុងរយៈចម្ងាយ ៨.០០០ គីឡូម៉ែត្រ»។ លោកបាននិយាយថា «តើវាមានន័យយ៉ាងដូចម្តេច? ពួកគេបានបន្ថែមចម្ងាយ ៣.០០០ គីឡូម៉ែត្រទៀត ហើយទីក្រុងញូវយ៉កស្ថិតក្នុងគោលដៅ ព្រមទាំងទីក្រុងវ៉ាស៊ីនតោន បូស្តុន ម៉ៃអាមី ម៉ា-អាឡាហ្គោ» ដោយលោកបាននិយាយសំដៅទៅលើលំនៅឋាននៅរដ្ឋផ្លរីដារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការអត្ថាធិប្បាយបែបនេះ ដោយនិយាយថា អ៊ីស្រាអែលកំពុងព្យាយាមបង្ហាញពីសមត្ថភាពការពាររបស់អ៊ីរ៉ង់ថាជាការគំរាមកំហែងមួយ។
លោក Araghchi បានសរសេរនៅលើបណ្តាញ X ថា «បច្ចប្បន្ននេះ អ៊ីស្រាអែលកំពុងព្យាយាមបង្កើតការគំរាមកំហែងដោយការស្រមើលស្រមៃហួសពីសមត្ថភាពការពាររបស់យើង»។
អ៊ីរ៉ង់ មានឃ្លាំងអាវុធដ៏ធំនៃមីស៊ីលបាលីស្ទីកផលិតក្នុងស្រុក រួមទាំងគ្រាប់រ៉ុក្កែត Shahab-3 មានរយៈចម្ងាយ២.០០០គីឡូម៉ែត្រ ដែលគ្រប់គ្រាន់ដើម្បីបាញ់ទៅដល់អ៊ីស្រាអែល។