រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាននិយាយក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃអង្គារ (៧ តុលា) ថា បញ្ហាខ្វះបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងតែបង្កជាចលាចលខ្លាំង ដោយពន្យារពេលជើងហោះហើរអស់រយៈពេលពីរថ្ងៃជាប់ៗគ្នាមកហើយ នៅអាកាសយានដ្ឋានជាច្រើនក្នុងសហរដ្ឋអាមេរិក ខណៈការបិទរដ្ឋាភិបាលឈានដល់ថ្ងៃទី៧របស់ខ្លួន។

ជើងហោះហើរជាង ៣.០០០ជើង ត្រូវពន្យារពេល នេះបើយោងតាមទិន្នន័យតាមដានជើងហោះហើរ ដោយសារតែកង្វះបុគ្គលិកបានជះឥទ្ធិពលដល់អាកាសយានដ្ឋានសហរដ្ឋអាមេរិកជាច្រើន ដែលរួមមានទីក្រុង Houston, Nashville, Dallas, Chicago O'Hare និង Newark ជាដើម។
ដោយលើកឡើងពីបញ្ហាបុគ្គលិក រដ្ឋបាលអាកាសចរណ៍អាមេរិក FAA កំពុងបន្ថយចំនួនជើងហោះហើរដែលចូលទៅដល់ប្រទេសនេះក្នុងពេល ១ម៉ោង នៅឯអាកាសយានដ្ឋាន Chicago O'Hare ដោយមានការពន្យារពេលជាមធ្យមចំនួន ៤១នាទី ហើយបញ្ហាបុគ្គលិកក៏កើតមានឡើងនៅ មជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអាត្លង់តា ផងដែរ។
រដ្ឋាភិបាលអាមេរិក បានបិទដំណើរការកាលពីសប្ដាហ៍មុន ដោយសារតែសភាមិនអាចសម្រេចកិច្ចព្រមព្រៀងចំណាយបាន។ គណបក្សនយោបាយទាំងពីររបស់អាមេរិក -បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ- កំពុងតែទម្លាក់កំហុសដាក់គ្នាចំពោះផលប៉ះពាល់នេះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា បក្សប្រជាធិបតេយ្យគួរតែត្រូវស្តីបន្ទោសចំពោះភាពយឺតយ៉ាវផ្នែកអាកាសចរណ៍ ខណៈអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ដែលជាអ្នកប្រជាធិបតេយ្យ បានវាយបកទៅវិញថា លោកប្រធានាធិបតី Donald Trump ទេដែលជាអ្នកទទួលខុសត្រូវលើរឿងនេះ៕

