សហគមន៍ជ្វីហ្វ បានប្រារព្ធពិធីជួបជុំគ្នាមួយនៅឧទ្យាន Central Park ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ទី៧ ខែតុលា ដើម្បីរំលឹកដល់ជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីឆ្នាំ២០២៣ នៅអ៊ីស្រាអែល។

ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាដោយផ្អែកលើផែនការរបស់ប្រធានាធិបតី លោក Donald Trump ប៉ុន្តែនៅតែមានការទាមទារមួយចំនួន ខណៈនាយករដ្ឋមន្រ្តីប្រទេសកាតានិងអ្នកសម្របសម្រួលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចចរចាដោយប្រយោលរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែល។

នៅថ្ងៃខួបលើកទី២នៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា លោក Trump បានបង្ហាញសុទិដ្ឋិនិយមអំពីវឌ្ឍនភាពឈានទៅរកកិច្ចព្រមព្រៀងនៅតំបន់ហ្កាហ្សា។ ក្រុមការងាររបស់សហរដ្ឋអាមេរិក រួមទាំងបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner ជាកូនប្រសាររបស់លោក Trump និងបេសកជនប្រចាំតំបន់មជ្ឈិមបូព៌ា បានចាកចេញដើម្បីទៅចូលរួមក្នុងកិច្ចចរចា។
ប្រភពបាននិយាយថា ការចរចានៅថ្ងៃពុធនេះ នឹងក្លាយជាការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថាតើមានវឌ្ឍនភាពអាចធ្វើទៅបានដែរឬយ៉ាងណា ដោយសារតែមានវត្តមានរបស់អ្នកសម្របសម្រួលជាន់ខ្ពស់។