កំពង់ឆ្នាំង៖ ឯកឧត្តម ឈិន កេតនា អនុប្រធានក្រុមការងារចុះជួយស្រុកបរិបូរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមេលំ និងឃុំផ្សារ បានជំរុញដល់អាជ្ញាធរឃុំទាំងពីរនេះ ត្រូវបន្តផ្សព្វផ្សាយ ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ខណៈកម្ពុជាបន្តរកឃើញអ្នកវិជ្ជមានប្រភេទថ្មីអូមីក្រុងជាបន្ដបន្ទាប់ ។
ក្នុងឱកាសចុះលើកស្លាកគណបក្សដាក់តាមផ្ទះពលរដ្ឋតាមផ្លូវ និងនាំយកអំណោយរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបរិបូរណ៍ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា ស្ថិតក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ១៩ មិនទាន់ឃ្លាតចេញឆ្ងាយពីលើសកលលោក សូមពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ទាំងទម្រង់ចាស់ និងថ្មី ។
ឯកឧត្តម បន្តថា ជាមួយគ្នានេះ អាជ្ញាធរត្រូវជំរុញមូលដ្ឋាននីមួយៗ ពិនិត្យមើលចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ ហើយផ្សព្វផ្សាយបន្ថែមទៀត សម្រាប់ការចាក់ដូសទី៣ ឲ្យបានឆាប់រហ័ស ដើម្បីមានភាពសាំជាមួយជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។
ឯកឧត្តម ប្រធានក្រុមការងារ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចចៅហ្វាវាំង គង់ សំអុល ដល់សមាជិក សមាជិកាគណបក្ស នៅក្នុងមូលដ្ឋានឃុំមេលំ និងឃុំផ្សារ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាគណបក្ស និងបានដោះស្រាយទុក្ខលំបាកនានា ជាពិសេសក្នុងគ្រាដែលប្រទេសកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា ពលរដ្ឋមានជីវភាពខ្វះខាត ដែលទទួលអំណោយពីសម្ដេចចៅហ្វាវាំង សរុបចំនួន ២៤គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកដោះគោ, ស្កសរ, ត្រីខ, សារុង, ក្រម៉ា និងថវិកា ៥០ ០០០ រៀល ៕





